រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានសហការជាមួយ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា ក្លិបអ្នកកាសែតកម្ពុជា និងសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា រៀបចំវគ្គសិក្ខាសាលាស្ដីអំពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់សមាជិករបស់សមាគម ដែលមានសមាសភាពចម្រុះ រួមមានប្រតិភូបុគ្គលិក បុគ្គលិកផ្នែកធនធានមនុស្ស រដ្ឋបាល និងមន្ត្រីអនុលោមច្បាប់ សរុបចំនួន៣០នាក់ (ស្រី៩នាក់) ដែលធ្វើបទឧទ្ទេសនាមដោយលោកអាជ្ញាកណ្តាល ម៉ារ សំបូរណា សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល។
លោក ម៉ែន និម្មិត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃសមាគមទាំង៤ ដែលបានសហការរៀបចំឱ្យមានសិក្ខាសាលានេះឡើង។ លោកបានលើកទឹកចិត្តអ្នកចូលរួមទាំងអស់ចែករំលែកនូវបទពិសោធន៍ និងលើកឡើងនូវសួរសំណួរផ្សេងៗ ដែលពាក់ព័ន្ធនឹងនីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។
អ្នកចូលរួមទាំងអស់បានស្វែងយល់កាន់តែច្បាស់អំពីដំណើរការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាបានស្រាយនូវចម្ងល់ផ្សេងៗ ពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។