ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាស្ថាប័នជាតិ ឯករាជ្យមួយ ដែលមានអំណាចសម្រេចសេចក្តីដូចមានចែងនៅក្នុងច្បាប់ស្តីពីការងាររបស់ព្រះរាជាណាចក្រកម្ពុជា។ ក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ ដោយមានការគាំទ្រ ពីក្រសួងការងារ សមាគមនិយោជក និងសហជីព ព្រមទាំងជំនួយបច្ចេកទេសពីអង្គការអន្តរជាតិខាងការងារ(ILO)។ ក្រុមប្រឹក្សាអាជ្ញាកណ្តាលមានអំណាចតាមច្បាប់ ដើម្បីជួយភាគីវិវាទដោះស្រាយវិវាទការងាររួមនៅក្នុងប្រទេសកម្ពុជា។
ក្រុមប្រឹក្សាអាជ្ញាកណ្តាលទទួលបានការគាំទ្រពីលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្នុងការគ្រប់គ្រងសំណុំរឿងវិវាទការងារ និងពីមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលលើផ្នែកបច្ចេកទេស និងការគ្រប់គ្រងទូទៅ។ សព្វថ្ងៃនេះ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលត្រូវបានគេទទួលស្គាល់ថា ស្ថាប័នចម្បងដ៏សំខាន់ក្នុងការដោះស្រាយវិវាទការងារនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវការចាំបាច់ក្នុងការជួយធ្វើឲ្យមានស្ថេរភាពនៃទីផ្សារការងារ និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។
ទស្សនៈវិស័យ៖
«កម្ពុជាប្រកបដោយយុត្តិធម៌ និងជីវភាពសេដ្ឋកិច្ចសម្រាប់សន្តិភាពក្នុងទំនាក់ទំនងវិជ្ជាជីវៈ។»
បេសកកម្ម៖
«ផ្តល់សេវាដោះស្រាយវិវាទការងារប្រកបដោយប្រសិទ្ធភាព ដែលទាំងភាគីកម្មករនិយោជិត និងនិយោជកអាចជឿទុកចិត្តបាន។»
គុណតម្លៃ៖
ឯករាជ្យភាព៖ ក្រុមប្រឹក្សាអាជ្ញាកណ្តាលដំណើរការដោយឯករាជ្យ មិនមានការជ្រៀតជ្រែកពីមជ្ឈដ្ឋានខាងក្រៅឡើយ។
តម្លាភាព៖ ហេតុផលនៃសេចក្តីសម្រេច និងមូលដ្ឋាននៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវបានពន្យល់យ៉ាងច្បាស់លាស់នៅក្នុងសេចក្តីបង្គាប់ដែលមានទាំងការបោះពុម្ពផ្សាយ និងនៅលើគេហទំព័រ។
ភាពប្រាកដប្រជា៖ អាជ្ញាកណ្តាលគោរពតាមគោលការណ៍ណែនាំដើម្បីរក្សាសង្គតិភាពក្នុងការធ្វើសេចក្តីសម្រេចផ្លូវច្បាប់។
ភាពរហ័សរហួន៖ សំណុំរឿងនីមួយៗនឹងត្រូវបើកសវនាការ ហើយសេចក្តីសម្រេចនឹងត្រូវបានចេញត្រឹមរយៈពេល ១៥ ថ្ងៃ ធ្វើការ។
សុចរិតភាព៖ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានអនុម័តគោលការណ៍ណែនាំផ្នែកវិជ្ជាជីវៈដើម្បីកំណត់បទដ្ឋានរបស់ខ្លួន។
សមធម៌៖ ភាគីជ្រើសរើសអាជ្ញាកណ្តាលឲ្យចូលរួមក្នុងដំណើរការដោយខ្លួនឯងដើម្បីផ្តល់លទ្ធភាពឲ្យពួកគាត់បានបញ្ចេញមតិដែលជួយដល់ការងារ និងជីវភាពរស់នៅរបស់គាត់។
ការចូលរួមរបស់ភាគីពាក់ព័ន្ធ៖ វេទិកានានាត្រូវបានរៀបចំឡើងជាប្រចាំសម្រាប់តំណាងកម្មករនិយោជិត និងនិយោជក រដ្ឋាភិបាល ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀតពិភាក្សាអំពីបញ្ហានានាជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាល។