នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល (ACF) បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការរៀបចំសំណុំរឿង និងបន្ទុកនៃភស្ដុតាង” ចំនួនពីរដាច់ពីគ្នាជូនទៅដល់តំណាងកម្មករនិយោជិត និងតំណាងនិយោជក នៅរាជធានីភ្នំពេញ ដោយបានអញ្ជើញក្រុមមេធាវីជំនាញផ្នែកការងារមកពីប្រទេសអូស្ត្រាលីធ្វើជាវាគ្មិន។
លោក Josh BORNSTEIN ប្រធានក្រុមហ៊ុនមេធាវីច្បាប់ការងារ ក្រុមហ៊ុនមេធាវី Maurice Blackburn និងជាជ័យលាភី មេធាវីការងារឆ្នើមប្រចាំឆ្នាំ ២០១៦ ដែលធ្វើការតំណាងឲ្យប្រយោជន៍ខាងសហជីពកម្មករ ជាវាគ្មិនក្នុងវគ្គបណ្ដុះបណ្ដាល ជូនទៅដល់តំណាងកម្មករ និយោជិត។
វគ្គបណ្ដុះបណ្ដាលមានគោលបំណងធ្វើឲ្យតំណាងសហជីពកម្មករ និយោជិត មានការយល់ដឹងថែមទៀត ក្នុងការរៀបចំសំណុំរឿងដោះស្រាយវិវាទឲ្យទទួលបានជោគជ័យ នៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដោយមានការចែករំលែកបទពិសោធន៍ពីវាគ្មិន អំពីការដោះស្រាយវិវាទនៅគណៈកម្មាការយុត្តិធម៌ការងារ ប្រទេសអូស្ត្រាលី។ នៅក្នុងរយៈពេលបីម៉ោងសិក្សានេះ លោក Josh បានផ្ដោតទៅលើប្រធានបទសំខាន់ពីរគឺ៖ ១)សាក្សី និង២)ភស្ដុតាង (ដែលខាងនិយោជកមាន)។
វគ្គបណ្តុះបណ្ដាលនេះមានអ្នកចូលរួមសរុបចំនួន ១៩នាក់ (ស្រី ១០នាក់ និងប្រុស ៩នាក់) ដោយមានសមាសភាពមកពី មជ្ឈមណ្ឌលសាមគ្គីភាព(ACILS) និងតំណាងសហជីពកម្មករចំនួន៥ (សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ(CCAWDU), សម្ព័ន្ធសហជីពកម្ពុជា(CATU), សហព័ន្ធសហជីពខ្មែរ (CUF), សហជីពអំណាចយុវជនកម្ពុជា (CYPUL), សម្ព័ន្ធសហជីពការងារកម្ពុជា(CWLUF)) និងមន្ត្រីផ្នែកច្បាប់នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
វគ្គបណ្ដុះបណ្ដាលបានប្រព្រឹត្តទៅដោយទទួលបានលទ្ធផលជោគជ័យ និងមានការចូលរួមពិភាក្សាយ៉ាងផុលផុសរវាងវាគ្មិន និងសិក្ខាកាម។ អ្នកចូលរួមបានប្ដេជ្ញាថា នឹងយកខ្លឹមសារមេរៀនដែលទទួលបានសម្រាប់អនុវត្តនៅពេលអនាគត។
លោកស្រី Fatim Jumabhoy ទីប្រឹក្សាច្បាប់នៃក្រុមហ៊ុនមេធាវីការងារ Herbert Smith Freehills ជាវាគ្មិនក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “ការរៀបចំសំណុំរឿង និងបន្ទុកនៃភស្ដុតាង” ជូន តំណាង និយោជក។
គោលបំណងនៃវគ្គបណ្ដុះបណ្ដាល នេះ គឺដើម្បីឲ្យមានការយល់ដឹងថែមទៀត ពីការរៀបចំសំណុំរឿងដោះស្រាយវិវាទ នៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលនិងការ បង្ហាញអង្គហេតុ អង្គច្បាប់ ភស្ដុតាង និងសាក្សី នៅក្នុងសវនាការក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
វគ្គបណ្តុះបណ្ដាលនេះមានអ្នកចូលរួមសរុបចំនួន ៣៣នាក់ (ស្រី ១៤នាក់ និងប្រុស ១៩នាក់) ដោយមានសមាសភាពជា តំណាងក្រុមហ៊ុនចំនួន ២៦នាក់ មកពីក្រុមហ៊ុនចំនួន ២៣ក្រុមហ៊ុន និងមន្ត្រីផ្នែកច្បាប់ និងផ្នែកទំនាក់ទំនងនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ មានសំណួរគួរជាទីចាប់អារម្មណ៍ និងចម្លើយដែលមានសារប្រយោជន៍ជាច្រើន ត្រូវបានលើកឡើងដោយអ្នកចូលរួម និងវាគ្មិន ជាពិសេសពាក់ព័ន្ធនឹងរបៀបនៃការជ្រើសរើសអាជ្ញាកណ្ដាល ប្រភេទសេចក្ដីបង្គាប់អាជ្ញាកណ្ដាល និងពីរបៀបនៃការបង្ហាញភស្ដុតាងនៅចំពោះមុខក្រុមប្រឹក្សាអាជ្ញាកណ្ដាល៕