មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលយកចិត្តទុកដាក់ពីការបង្កើនសមត្ថភាពបុគ្គលិក

Share with :

ជារៀងរាល់ឆ្នាំ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល​ តែងតែយកចិត្ត​ទុកដាក់ក្នុងការ​ពង្រឹងសមត្ថភាព​បុគ្គលិកមូលនិធិ និងសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដើម្បី​ពង្រឹងគុណភាព​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារនិងការផ្តល់សេវា។ ការអភវិឌ្ឍន៍សមត្ថភាពបុគ្គលិកធ្វើឡើងតាមរយៈការបណ្ដុះបណ្ដាលរៀបចំឡើងក្នុងស្ថាប័ន ក្រៅស្ថាប័ន និងទស្សនកិច្ចសិក្សាទៅបរទេស។

ការបណ្ដុះបណ្ដាលរៀបចំឡើងក្នុងស្ថាប័ន

សម្រាប់ឆ្នាំ២០១៨នេះ ក្រុមប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានផ្ដួចផ្ដើម​ឲ្យមាន​វគ្គបណ្ដុះបណ្ដាលជាន់ខ្ពស់ស្ដីពីជំនាញក្នុងការសរសេរ ដោយបានអញ្ជើញអ្នកជំនាញឯកទេស​មួយចំនួន​ពីខាងក្រៅស្ថាប័នមកធ្វើជាគ្រូឧទ្ទេសលើជំនាញក្នុងការសរសេរព័ត៌មាន និងសេចក្ដីថ្លែងការណ៍ព័ត៌មាន និងជំនាញក្នុងការសរសេរព័ត៌មានក្នុងបណ្ដាញទំនាក់ទំនងសង្គម និង Google ព្រមទាំងជំនាញក្នុងការសរសេររបាយការណ៍ ទៅដល់បុគ្គលិកមូលនិធិ។

វគ្គបណ្ដុះបណ្ដាលដ៏សំខាន់ រៀបចំឡើងដោយស្ថាប័ននេះ មានការចូលរួមពីសំណាក់ លោកស្រីនាយិកាខាងបច្ចេកទេស, បុគ្គលិកផ្នែកច្បាប់, បុគ្គលិកផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល, បុគ្គលិកផ្នែកបណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ និងមន្ត្រីនៃលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្ដាលផងដែរ។ បន្ថែមលើវគ្គបណ្តុះបណ្តាលនេះ បុគ្គលិកយើងក៏បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទៀតដូចជាៈ ការគៀងគរធនធាន ការបញ្ឈប់ពីការងាររួមគ្នា បទដ្ឋានរបាយការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គការមិនរកប្រាក់ចំណេញ ការជួយសង្រ្គោះបឋម។

ទស្សនកិច្ចសិក្សានៅបទេស

សម្រាប់ដំណើរទស្សនកិច្ចពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា មានប្រតិភូចំនួន៩រូបពីកម្ពុជា​ ដែលមានអាជ្ញាកណ្ដាល លី តៃសេង ជា​ប្រធានក្រុមនៃគណៈប្រតិភូ ធ្វើការសិក្សាស្វែងយល់ពីប្រព័ន្ធនៃការដោះ​ស្រាយវិវាទការងារ​នៅប្រទេសអាហ្វ្រិកខាងត្បូង។

នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ គឺមានជំនួបជាមួយលោក Virgil Seafield អគ្គនាយករងទទួលបន្ទុកគោលនយោបាយការងារនិងទំនាក់ទំនងវិជ្ជាជីវៈនៃក្រសួងការងារអាហ្វ្រិកខាងត្បូង ដើម្បីស្វែងយល់ពីទិដ្ឋភាពរួមរបស់ក្រសួង ដោយរួមទាំងទិដ្ឋភាពផ្នែកច្បាប់ និងតួនាទីរដ្ឋាភិបាលក្នុងការលើកកម្ពស់សំវាទសង្គម និង​​ទស្សនកិច្ចសិក្សានៅការិយាល័យ គណៈកម្មការផ្សះផ្សា, សន្ធានកម្ម(សម្រុះសម្រួល), និងអាជ្ញាកណ្ដាល(CCMA) ថ្នាក់​តំបន់នៃទីក្រុង Jonahhaburge និងក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍សេដ្ឋកិច្ច និងវិស័យការងារ(NEDLAC) និងការិយាល័យក្រុមប្រឹក្សាចរចារ។

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានសហការជាមួយនឹងអង្គការការងារអន្តរ​ជាតិការិយាល័យនៅទីក្រុង Pretoria, បាងកក និងភ្នំពេញ ក្នុងការរៀបចំទស្សនកិច្ចសិក្សាស្ដីពីប្រព័ន្ធនៃការដោះស្រាយវិវាទការងារនៅប្រទេសអាហ្វ្រិកខាង​ត្បូង។​ ទស្សនកិច្ចសិក្សានេះមានការចូលរួមពី អាជ្ញាកណ្ដាល បុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល តំណាងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងសហជីព(សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សហភាព​ការងារ​កម្ពុជា ​និងសម្ព័ន្ធសហជីពកម្ពុជា) ​តំណាងនិយោជក(សមាគមរោងចក្រកាត់ដេរនៅកម្ពុជា) និងតំណាងអង្គការអន្តរជាតិខាងការងារផងដែរ៕