អ្នកចូលរួមប្រហែលជា២០០នាក់ដែលជាតំណាងរាជរដ្ឋាភិបាល តំណាងសហជីព តំណាងសមាគមនិយោជក អ្នកបញ្ជាទិញអន្តរជាតិធំៗ ដៃគូអភិវឌ្ឍន៍នានា និងតំណាងស្ថានទូតនានា បានចូលរួមសន្និសីទថ្នាក់ជាតិលើកទី៨ ស្តីពីការលើកកម្ពស់បរិយាកាសទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាព។ សន្និសីទនេះបានរៀបចំឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ដោយ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល(ACF) និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:។
អង្គសន្និសីទរយៈពេលមួយថ្ងៃនេះបានលើកយកប្រធានបទពីរសំខាន់ៗមកពិភាក្សា៖ ១)ការអនុវត្តច្បាប់ស្តីពីសហជីព – សមិទ្ធផល និងបញ្ហាប្រឈម នៅក្នុងការលើកកម្ពស់សិទ្ធិ កិច្ចសហការនៅកន្លែងធ្វើការ បរិយាកាសនៃការវិនិយោគ និងស្ថិរភាពនៃទំនាក់ទំនងការងារ និង ២) មាគ៌ាអនាគតរបស់ AC។
មុនឈានដល់វេទិកាពិភាក្សា លោកស្រី ឈីវ ភិរម្យ ប្រធានក្រុមប្រឹក្សាភិបាលACFបានថ្លែងនូវការគោរពជាពិសេសចំពោះកិច្ចប្រឹងប្រែងនិងកិច្ចសហការប្រកបដោយវិជ្ជាជីវៈអស់រយៈពេលជិត១៥ឆ្នាំរវាង AC, ACF និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងការអនុវត្តច្បាប់ការងារនិងធ្វើឲ្យប្រព័ន្ធដោះស្រាយវិវាទការងារបានប្រសើរឡើងជាលំដាប់។ លោកស្រីបានកត់សម្គាល់ពីការធ្លាក់ចុះនៃសំណុំរឿងដែលនាំមក ក្រុមប្រឹក្សាអាជ្ញាកណ្តាល ពីចុងឆ្នាំ២០១៦ មកទល់បច្ចុប្បន្ន ក្រោយពីការប្រកាសឲ្យប្រើច្បាប់ស្តីពីសហជីពកាលពីខែឧសភា ឆ្នាំ២០១៦ និងបានលើកជាសំណួរបំផុសទៅអង្គសន្និសីទសម្រាប់ការពិភាក្សា។
ជាមួយគ្នានេះ លោកជំទាវ ម៉ារៀ សាហ្រ្គេន ឯកអគ្គរាជទូតព្រះរាជាណាចក្រស៊ុយអែតប្រចាំនៅកម្ពុជាបានថ្លែងថា «នៅពេលដែលនិយាយពីការដោះស្រាយវិវាទការងារ និងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា គេមិនអាចមិននិយាយពីក្រុមប្រឹក្សាអាជ្ញាកណ្ដាលដែលជាស្ថាប័នមួយបានដើរតួនាទីដ៏សំខាន់នៅក្នុងវិស័យនេះបានទេ»។ ចំណែកឯ លោកស្រី វីណា រេដឌី ប្រធានស្តីទីនៃទីភ្នាក់ងារសំរាប់ការអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិកក៏បានថ្លែងចំណាប់អារម្មណ៍គាំទ្រទៅដល់តួនាទីរបស់ AC ដែលមានកន្លងមក និងបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ភាគីពាក់ព័ន្ធ ប្រកបដោយការជឿជាក់។
ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងសង្កត់ធ្ងន់ថា ច្បាប់ស្តីពីសហជីពមិនផ្ទុយនឹងអនុសញ្ញាអន្តរជាតិនៃអង្គការអន្តរជាតិខាងការងារឡើយ។ ជាក់ស្តែងគិតត្រឹមឆ្នាំ២០១៧ ក្រសួងបានចុះបញ្ជិការសហជីពមូលដ្ឋានចំនួន ៣៧៩៣ សហព័ន្ធសហជីពចំនួន១៣៨ សហភាពសហជីពចំនួន២៣ និងសមាគមនិយោជកចំនួន៨។ ឯកឧត្តមក៏បានបន្តថា ក្នុងរយៈពេល១៥ឆ្នាំនេះ AC បានរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈ និងកំណើនសេដ្ឋកិច្ចជាតិ។ ACត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយក្នុងការដោះស្រាយវិវាទការងារព្រមទាំងទទួលបានទំនុកចិត្តនិងការកោតសរសើរទាំងថ្នាក់ជាតិនិងអន្តរជាតិ។
វេទិកាពិភាក្សាទី១ ដែលមានវាគ្មិន៨រូប បានពិភាក្សាយ៉ាងផុសផុលលើប្រធានបទស្ដីពីការអនុវត្តច្បាប់ស្តីពីសហជីព។ តំណាងក្រសួងការងារបានបញ្ជាក់ថា ច្បាប់ស្តីពីសហជីពមិនផ្ទុយទៅនឹងអនុសញ្ញាអន្តរជាតិឡើយ និងបានកត់សម្គាល់ថា ចំនួនសហជីពមូលដ្ឋានយ៉ាងច្រើនត្រូវបានចុះបញ្ជិកាក្រោយច្បាប់ស្តីពីសហជីពប្រកាសឲ្យប្រើ។ ម៉្យាងវិញទៀត ភាគីកម្មករនិយោជិត និងនិយោជកមានការយល់ដឹងពីច្បាប់ និងមានភាពចាស់ទុំច្រើននៅក្នុងវិស័យជាងមុន ជាហេតុធ្វើឲ្យវិវាទការងាររួមដែលនាំមកACមានការធ្លាក់ចុះ។ ការលើកឡើងនេះ គឺមានការយល់ស្របពីវាគ្មិនមកសមាគមនិយោជក និង សភាសម្ព័ន្ធសហជីពកម្ពុជា ព្រមទាំងតំណាងសហជីពនិងនិយោជកនៃក្រុមហ៊ុនយ៉ាក់ជីនផងដែរ។ ក៏ប៉ុន្តែ វាគ្មិនមកពីសហភាពសហជីពកម្ពុជា បានលើកឡើងថាចំនួននៃសហជីពមូលដ្ឋានដែលបានចុះបញ្ជិកាមិនឆ្លុះបញ្ចាំងពីការបើកសិទ្ធិសេរីភាពនៃអង្គការវិជ្ជាជីវៈក្រោមច្បាប់ស្តីពីសហជីពឡើយ។ ការតម្រូវឲ្យមានភាពជាតំណាងរហូតដល់៣០%នៃចំនួនកម្មករនិយោជិតនៅក្នុងសហគ្រាសក្នុងការដោះស្រាយវិវាទការងាររួមមិនមានភាពជាក់ស្តែងឡើយ ព្រោះកម្មករនិយោជិតដែលមិនមានវិវាទផ្ទាល់មិនចាំបាច់ស្ថិតក្នុងសំណុំរឿងនោះឡើយ។ ក្រៅពីនេះ វាហាក់ដូច ជាការកម្រិតសិទ្ធិពឹងពាក់របស់ដើមបណ្តឹងផ្ទាល់ពីភាគីកម្មករនិយោជិតដែលត្រូវតែធ្វើតាមរយៈសហជីពដែលមានភាពជាតំណាងបំផុតក្នុងខណៈដែលភាគីនិយោជកមានសេរីភាពជាងក្នុងការប្រើសិទ្ធិពឹងពាក់របស់ខ្លួន។
ទោះបីយ៉ាងណា តំណាងក្រសួងការងារបានបញ្ជាក់ផងដែរថា វិវាទការងារនៅតែមាន ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ មានវិវាទការងាររួម និងវិវាទបុគ្គលជិត៤០០ក្នុងមួយឆ្នាំបាននាំទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដដែល ក្នុងនោះមានវិវាទការងាររួមដែលបានប្រែក្លាយទៅជាវិវាទបុគ្គលក្រោយពីការអនុវត្តច្បាប់ស្តីពីសហជីព។ ការលើកឡើងនេះ ត្រូវបានរកឃើញនៅក្នុងការសិក្សាស្រាវជ្រាវពីបរិយាកាសទំនាក់ទំនងវិជ្ជាជីវៈដោយវិទ្យាស្ថានស្រាវជ្រាវនព្វន្តដែលបានបង្ហាញក្នុងអង្គសន្និសីទថា៖ភាគីវិវាទដែលមិនអាចមកក្រុមប្រឹក្សាអាជ្ញាកណ្តាលបាន គឺបានទៅរកអ្នកបញ្ជាទិញ ឬអង្គការអន្តរជាតិឲ្យជួយដាក់សម្ពាធ បានប្តូរពីវិវាទការងាររួមទៅជាវិវាទបុគ្គល បានធ្វើកូដកម្ម បានត្រឡប់ទៅចរចានៅសហគ្រាសវិញ ឬបានទុកវិវាទចោលមិនដោះស្រាយ ជាដើម។ ការរកឃើញនេះត្រូវបានបញ្ចាក់ដោយវាគ្មិនមកពីគម្រោងរោងចក្រកាន់តែប្រសើរនៃអង្គការអន្តរជាតិខាងការងារ ដែលបានបង្ហាញថា ធ្លាប់មានសំណុំរឿងពីសហជីពចំនួន៩ នៃក្រុមហ៊ុនចំនួន១២ ដែលមិនអាចនាំសំណុំរឿងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល បានទៅដល់ការិយាល័យរបស់គាត់ដើម្បីឲ្យជួយដោះស្រាយ។
នៅចុងបញ្ចប់នៃវេទិកាពិភាក្សាទី១នៃអង្គសន្និសីទ ដោយមិនទាន់មានការយល់ស្របគ្នាទាំងស្រុងអំពីការប្រើប្រាស់សិទ្ធិតំណាងក្រោមច្បាប់ស្តីពីសហជីពថ្មីនេះនៅឡើយ មានការស្នើសុំឲ្យមានការជួបពិភាក្សារវាងភាគីពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីចូលរួមដោះស្រាយបញ្ហាជាបន្តទៅទៀត។
ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រោមការគាំទ្ររបស់ACF នៅតែបន្តបេសកកម្មយ៉ាងសំខាន់របស់ខ្លួនក្នុងការដោះស្រាយវិវាទការងារជូនកម្មករនិយោជិត និងនិយោជក ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ គួរជាទីទុកចិត្ត។ តួនាទីរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅតែមានសារៈសំខាន់ខ្លាំងមិនអាចខ្វះបាន ព្រោះការដោះស្រាយវិវាទដោយការព្យាយាមរកមធ្យោបាយផ្សេងៗដូចជា ទៅអ្នកបញ្ជាទិញអង្គការអន្តរជាតិឲ្យជួយដាក់សម្ពាធ ការប្តូរវិវាទការងាររួមទៅជាវិវាទបុគ្គល ការធ្វើកូដកម្ម ការត្រឡប់ទៅចរចានៅសហគ្រាសវិញ និងការទុកចោលមិនដោះស្រាយ គឺជាមធ្យោបាយមិនមានប្រសិទ្ធភាព និងនិរន្តរភាពឡើយ។
វេទិកាពិភាក្សាទី២ នៃអង្គសន្និសីទ បានបង្ហាញនូវដំណោះស្រាយឆ្លើយតបនឹងបញ្ហាប្រឈមមួយចំនួនដែលបានលើកឡើងក្នុងវេទិការពិភាក្សាទី១ ដែលធ្វើយ៉ាងណាឲ្យវិវាទកើតឡើងត្រូវបានដោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព។ បទបង្ហាញរបស់លោក ហាន់ស៍ ហ្វាង ពីការសិក្សាអំពីលទ្ធភាពក្នុងការនាំយកវិវាទទៅដោះស្រាយដោយផ្ទាល់នៅAC។ ការវិភាគបានផ្តល់ចម្លើយថា ភាគីវិវាទការងារដែលបានព្រមព្រៀងគ្នាជាមុនអំពីនីតិវិធីនៃការដោះស្រាយវិវាទរបស់ខ្លួនអាចនាំយកវិវាទមកក្រុមប្រឹក្សាអាជ្ញាកណ្តាលដោយផ្ទាល់ដោយមិនឆ្លងកាត់នីតិវិធីផ្សះផ្សានៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈឡើយ។
អង្គសន្និសីទក៏បានសន្និដ្ឋានដែរថាស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្តាលអាចមាននិរន្តរភាពទៅបានដោយសារការគាំទ្រពីសំណាក់សមាគមនិយោជក សហជីព និងរាជរដ្ឋាភិបាលក្នុងទម្រង់ជាភាគទានហិរញ្ញវត្ថុ។ ដើម្បីឲ្យការគាំទ្រនេះប្រព្រឹត្តទៅបាន គេត្រូវការបទដ្ឋានគតិយុត្តិ និងការព្រមព្រៀងពីត្រីភាគីជាលាយល័ក្ខអក្សរ ។ ការកសាងបទដ្ឋានគតិយុត្តិ និងកិច្ចព្រមព្រៀង អាចត្រូវប្រើពេលវេលាយូរ ដូច្នេះនៅក្នុងរយៈពេលខ្លី ស្ថាប័ននេះត្រូវពឹងផ្អែកលើជំនួយពីដៃគូអភិវឌ្ឍន៏ជាតិនិងអន្តរជាតិជាបណ្តោះអាសន្ន។
សន្និសីទនេះ ទទួលបានការជួយឧបត្ថម្ភពី ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់ប្រទេសស៊ុយអ៊ែត (SIDA) និង សហរដ្ឋអាមេរិក (USAID) ក្រុមហ៊ុន GAP Inc. និងមូលនិធិ Levi Strauss៕