ទំនួលខុសត្រូវលើការរៀបចំវិធានការការពារសុវត្ថិភាពនៅកន្លែងធ្វើការងារ

(កម្មការិនី កំពុងកាត់ដេរសំលៀកបំពាក់នៅក្នុងេរាងច្រកមួយ នៅរាជធានីភ្នំពេញ ឆ្នាំ២០១១។)
Share with :

លេខ និង ឈ្មោះសំណុំរឿង ​​ ០២៧/១៧-ខេន ស្ព័ត ស៊ូ ខូអិលធីឌី

កាលបរិច្ឆេទនៃសេចក្ដីបង្គាប់ ថ្ងៃទី០៧  ខែសីហា  ឆ្នាំ២០១

            នៅក្នុងសំណុំរឿងនេះ កម្មករនិយោជិតនៃក្រុមហ៊ុន ខេន ស្ព័ត ស៊ូ គឺជាដើមបណ្តឹងដែលទាមទារឲក្រុមហ៊ុន ខេន ស្ព័ត ស៊ូ (ភាគីនិយោជក) កែលម្អលក្ខខណ្ឌការងារចំនួន ៤ចំណុច ឲបានល្អប្រសើរ។ ក្រុមហ៊ុននេះមានសកម្មភាពចម្បង​ក្នុងការ​ផលិតស្បែកជើង ដែលមានទីតាំងស្ថិតនៅខេត្តកំពង់ឆ្នាំង និងជួល​កម្មករ​និយោជិត​សរុប​ចំនួន​ប្រមាណជា ៧៧៧០នាក់។

            នៅក្នុងសំណុំរឿងនេះ ​មានចំណុចវិវាទចំនួន ៤ ចំណុច ហើយក្នុងនោះ ភាគីទាំងពីរបាន​ព្រម​ព្រៀងគ្នា លើចំណុចវិវាទចំនួន ១​ ចំណុច។ ហេតុនេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលពិចារណាតែចំណុចវិវាទដែលនៅសល់ចំនួន ៣ ចំណុច តែប៉ុណ្ណោះ។ អត្ថបទនេះ នឹងលើកឡើងពីចំណុចវិវាទតែមួយចំណុចដែលពាក់ព័ន្ធនឹងការចាត់ចែងរបស់និយោជកដែលតម្រូវឲ​កម្មករនិយោជិតពាក់ស្បែកជើងឃ្លុបមុខ និងមានក្រវ៉ាត់កែងក្រោយ ដើម្បីធានាសុវត្ថិភាព និង​បង្ការគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ។

            ជាការអនុវត្តក្នុងក្រុមហ៊ុន និយោជកបានតម្រូវឲ្យកម្មករនិយោជិតពាក់ស្បែកជើងមានឃ្លុបមុខ និង​មានក្រវ៉ាត់កែងក្រោយ ដើម្បីការពារសុវត្ថិភាពរបស់កម្មករនិយោជិត និងបង្ការគ្រោះថ្នាក់ការងារផ្សេងៗទៀត ដូចជាការរអិលដួល ការធ្លាក់វត្ថុលើជើង ការឆក់ខ្សែភ្លើង ជាដើម។ កាតព្វកិច្ចដែលត្រូវទិញស្បែកជើងនេះ គឺ ជាការទទួលខុសត្រូវរបស់កម្មករនិយោជិត។ ដោយឡែក ភាគីដើមបណ្តឹងបានលើកឡើងថា ពួកគាត់មិន​មានលទ្ធភាពទិញស្បែកជើង​ប្រភេទនេះទេ ព្រោះវាមានតម្លៃថ្លៃ ហើយស្បែកជើងប្រភេទនេះ ងាយនឹងខូច ឬដាច់ក្រវ៉ាត់កែង។ ម្យ៉ាងទៀត នេះគឺជា​តម្រូវការ​របស់​និយោជក។​ ហេតុនេះ និយោជកគួរតែទទួលខុសត្រូវទិញស្បែកជើងនេះផ្តល់ឲ្យពួកគាត់​។ បើ​និយោជក​​មិនទទួលខុសត្រូវលើការ​ទិញស្បែកជើងនេះ​ ភាគីកម្មករនិយោជិតទាមទារ​ឲ្យ​និយោជកអនុញ្ញាត​ឲកម្មករនិយោជិត​ពាក់ស្បែកជើងដែលគ្មានក្រវ៉ាត់កែងនៅពេលធ្វើការ។

            ករណីនេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលពិចារណាថា ​តើការប្រើប្រាស់សិទ្ធិចាត់ចែង និងគ្រប់គ្រង​របស់​និយោជក ​ក្នុងការតម្រូវឲ្យកម្មករនិយោជិត​ពាក់ស្បែកជើងឃ្លុបមុខ​ និងមានក្រវ៉ាត់កែង​ក្រោយ​ ដើម្បីការពារ​សុវត្ថិភាព​របស់កម្មករនិយោជិត​ និង​ការឲ្យកម្មករ​និយោជិត​ចេញសោហ៊ុយ​លើការទិញស្បែក​ជើងឃ្លុបមុខ​ និង​មាន​ក្រវ៉ាត់​កែងក្រោយ​តាមការតម្រូវ​ដោយ​និយោជក​ជាទង្វើត្រឹមត្រូវ​ដែរ​ឬទេ?​

ការប្រើប្រាស់សិទ្ធិចាត់ចែង និងគ្រប់គ្រងរបស់និយោជក ក្នុងការតម្រូវឲកម្មករនិយោជិតពាក់ស្បែកជើងឃ្លុបមុខ និងមានក្រវ៉ាត់កែងក្រោយ ដើម្បីការពារសុវត្ថិភាព:

            ​យោងតាមកថាខណ្ឌទី២ មាត្រា២ នៃច្បាប់ស្ដីពីការងារ ពាក់ព័ន្ធនឹងសិទ្ធិចាត់ចែងរបស់និយោជក ក្រុមប្រឹក្សាអាជ្ញាកណ្តាលយល់ឃើញថា និយោជកមានសិទ្ធិចាត់ចែង និងគ្រប់គ្រងក្រុមហ៊ុន ដរាបណាសិទ្ធិនេះត្រូវបានធ្វើ​ឡើ​ងដោយស្របច្បាប់ និងសម​ហេតុផល។

            កថាខណ្ឌទី១ មាត្រា២៤៩ នៃច្បាប់ស្តីពីកាងារ តម្រូវឲ្យនាយកសហគ្រាសទទួលខុសត្រូវលើគ្រោះថ្នាក់ការងារ​ទាំំងអស់ដូចមានចែងក្នុងច្បាប់ស្តីពីការងារ ទោះបីលក្ខន្តិកៈផ្ទាល់ខ្លួនរបស់កម្មករនិយោជិតម្នាក់ៗនោះមានលក្ខណៈ​យ៉ាងណាក៏ដោយ។

            រីឯមាត្រា២៥០ នៃច្បាប់ស្តីពីការងារ កំណត់ឲ្យនាយកសហគ្រាសគ្រប់រូបត្រូវចាត់ ឬប្រើឲ្យគេចាត់​វិ​ធានការចាំបាច់ទាំងអស់ដើម្បីបង្ការគ្រោះថ្នាក់ការងារផ្សេងៗ។

            ក្រុមប្រឹក្សាអាជ្ញាកណ្តាលរកមិនឃើញថា ភាគីនិយោជកបាន​បង្ហាញ​ភស្តុតាង ឬការស្រាវជ្រាវណាមួយពីអ្នកជំនាញ ដើម្បីបញ្ជាក់ថា វិធានការដែលតម្រូវឲ្យកម្មករនិយោជិតពាក់ស្បែកជើងឃ្លុបមុខ និងមានក្រវ៉ាត់កែងក្រោយនេះ គឺជាវិធានការចាំបាច់ដែលអាចការពារសុវត្ថិភាពការងារ និងបង្ការគ្រោះថ្នាក់ការងារផ្សេងៗរបស់កម្មករនិយោជិតនោះទេ។ ក្រៅពីនេះ ភាគីទាំំងពីរទទួលស្គាល់ថា នៅ​ពេល​ដែល​មានការ​ត្រួតពិនិត្យ​ពីអធិការ​ការងារ​ពាក់ព័ន្ធនឹង​សុវត្ថិភាពនៅកន្លែង​ការងារ អធិការការងារមិនបានចេញ​របាយការណ៍​​ត្រូតពិនិត្យ ឬការណែនាំ​ណាមួយ​ពាក់ព័ន្ធនឹង​​ការពាក់​ស្បែក​​ជើង​របស់​កម្មករនិយោជិត នៅក្នុងក្រុមហ៊ុន​នេះទេ។

            ខាងលើនេះ ជាអង្គហេតុសំខាន់សម្រាប់ឲក្រុមប្រឹក្សាអាជ្ញាកណ្តាលពិចារណា និងយល់ឃើញថា ការចាត់ចែងឲកម្មករនិយោជិតពាក់ស្បែកជើងឃ្លុបមុខ និងមានក្រវ៉ាត់កែងនៅកន្លែងការងារនេះ គឺជាការចាត់ចែងដែលមិនស្របច្បាប់ និងសមហេតុផលនោះទេ ព្រោះភាគីនិយោជកខកខានមិនបង្ហាញថា វាជា​វិធានការចាំបាច់ ដែលអាចការពារសុវត្ថិភាព និងគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិតបាននោះទេ។

ការតម្រូវឲកម្មករនិយោជិតចេញសោហ៊ុយលើការទិញស្បែកជើងឃ្លុបមុខ និងមានក្រវ៉ាត់កែងក្រោយ:

            ផ្អែកតាមមូលហេតុផ្លូវច្បាប់សម្រាប់ពិចារណាចំណុចខាងលើ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានរកឃើញថា ការរៀបចំវិ​ធានការផ្សេងៗដើម្បីការពារសុវត្ថិភាព និងគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិត នៅកន្លែងការងារ គឺជាកាតព្វកិច្ច និងការទទួលខុសត្រូវរបស់និយោជក។  ហេតុនេះ ការដែលតម្រូវឲកម្មករនិយោជិតទិញស្បែកជើង​នោះដោយខ្លួនឯងក៏មិនស្របច្បាប់ និងសមហេតុផលដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាអាជ្ញាកណ្តាលយល់ឃើញថា និយោជកគួរតែព្យាយាមរកវិធានការសមស្របណាមួយផ្សេងទៀត ដើម្បីឲស្របទៅតាមស្មារតីនៃច្បាប់ស្តីពីការងារខាងលើ ដើម្បីការពារសុវត្ថិភាពកម្មករនិយោជិតនៅកន្លែងធ្វើការ ជាជាងការតម្រូវឲកម្មករ​និយោជិត​​ពាក់ស្បែក​​​ជើង​ឃ្លុបមុខ និងមានក្រវ៉ាត់​កែង​ក្រោយ។

            ផ្អែកតាមប្រការ៣៤  ចំណុច ឃ នៃប្រកាសលេខ០៩៩ សកបយ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០០៤ ស្តីពី ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រុមប្រឹក្សាអាជ្ញាកណ្ដាលមានសិទ្ធិបញ្ជាឲ្យនិយោជក បញ្ឈប់ជាបន្ទាន់រាល់សកម្មភាពទាំងឡាយណាដែលមិនស្របច្បាប់។

            សរុបមក ក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រេច បង្គាប់ឲ្យនិយោជកបញ្ឈប់ការអនុវត្តដែលតម្រូវឲ្យ​កម្មករ​និយោជិត​​ពាក់ស្បែកជើងឃ្លុបមុខ និងមានក្រវ៉ាត់កែងក្រោយ នៅកន្លែងធ្វើការ និង បង្គាប់​ឲ្យ​និយោជក​អនុញ្ញាតឲ្យ​កម្មករនិយោជិតពាក់​ស្បែកជើង​ដែលគ្មានក្រវ៉ាត់កែង (មានឃ្លុបមុខ ឬអត់ឃ្លុបមុខ) នៅកន្លែងធ្វើការវិញ។

            ក្នុងសំណុំរឿងនេះ បានរំលេចឲឃើញថា និយោជកមានសិទ្ធិចាត់ចែង និងគ្រប់គ្រងសហគ្រាសឬគ្រឹះស្ថាន ប៉ុន្តែត្រូវធានាថាការចាត់ចែងនោះ ធ្វើឡើងដោយស្របច្បាប់ និងសមហេតុផល។ ក្នុងនោះផងដែរ ច្បាប់ស្តីពីការងារ បានបញ្ជាក់យ៉ាងច្បាស់ថាការរៀបចំវិធានការការពារសុវត្ថិភាព និងបង្ការគ្រោះថ្នាក់ការងារផ្សេងៗ គឺជាបន្ទុក​ និងកាតព្វកិច្ចរបស់និយោជក ប៉ុន្តែ ការចាត់ចែង និងគ្រប់គ្រងចំពោះការរៀបចំចាត់វិធានការទាំងនេះ ត្រូវឆ្លើយតបទៅនឹងស្ថានភាព និងតម្រូវការសុវត្ថិភាពជាក់ស្តែង ពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ ក៏ដូចជាសង្វាក់ផលិតកម្មរបស់និយោជក។ ការខកខានមិនបានបង្ហាញជូនអង្គហេតុសំខាន់ៗទាំងនេះដោយភាគីនិយោជក មិនមានទម្ងន់គ្រប់គ្រាន់សម្រាប់ឲ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រេចទៅតាមការតម្រូវរបស់ភាគីនិយោជកឡើយ។ លើសពីនេះ បន្ទុកលើការចំណាយក៏មិនធ្លាក់ទៅលើកម្មករនិយោជិតដើម្បីអាចឲ្យនិយោជករៀបចំចាត់វិធានការការពារសុវត្ថិភាព និងបង្ការគ្រោះថ្នាក់ការងារផ្សេងៗ ដែលជាកាតព្វកិច្ចរបស់និយោជកនោះដែរ៕