សិក្ខាសាលានេះផ្តោតការពិភាក្សាលើ “វិធីសាស្រ្ត និងវិធានការសម្រាប់ការស្វែងរកអង្គហេតុនៅក្នុងសំណុំរឿងវិវាទការងារ នៅអាស៊ាន”។ តាងនាមក្រុមប្រឹក្សាអាជ្ញាកណ្តាល អាជ្ញាកណ្តាល អាន វីរៈ បានធ្វើបទបង្ហាញស្តីពីទិដ្ឋភាពរួមនៃនីតិវិធីដោះស្រាយ វិវាទការងារនៅកម្ពុជា ជាពិសេសដំណើរការអាជ្ញាកណ្តាល និងរបៀបប្រមូលអង្គហេតុ និងភស្តុតាងសម្រាប់គាំទ្រដល់ការសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
បទបង្ហាញនេះបានពិភាក្សាយុត្តាធិការក្រុមប្រឹក្សាអាជ្ញាកណ្តាល និងអំណាចផ្តល់ដោយប្រកាសលេខ ០៩៩ ចេញដោយក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ តាមរយៈប្រកាសនេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលទទួលបានអំណាចយ៉ាងទូលំទូលាយដើម្បីធ្វើការ ស៊ើបអង្កេត រួមទាំងតម្រូវឲភាគីបង្ហាញឯកសារ ឬព័ត៌មានដែលមានប្រយោជន៍ដល់ការងាររបស់ខ្លួន។ កិច្ចពិភាក្សាក៏បានលើកឡើង អំពីសិទ្ធិរបស់ភាគីក្នុងការពិនិត្យភស្តុតាងដែលដាក់មកក្រុមប្រឹក្សាអាជ្ញាកណ្តាល។ បទបង្ហាញបានទាញចំណាប់អារម្មណ៍របស់អ្នកចូល រួមមកលើទំនាក់ទំនងរវាងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ ដែលតុលារការត្រូវអនុវត្តសេចក្តីបង្គាប់ជាស្ថាពរលើកលែងតែមាន ការបដិសេធដូចខាងក្រោម៖ (១) ភាគីមិនបានចូលរួមត្រឹមត្រូវនៅក្នុងការជ្រើសរើសអាជ្ញាកណ្តាល ឬមិនទទួលបានការជូនដំណឹងស្តីពី នីតិវិធីអាជ្ញាកណ្តាល ឬមិនទទួលបានឱកាសសមស្របសម្រាប់បង្ហាញសំណុំរឿងរបស់ខ្លួនឲបានពេញលេញ។ (២) មិនអនុវត្តនីតិវិធី ចែងក្នុងច្បាប់ ឬនៅក្នុងស្ថានភាពដែល (៣) ក្រុមប្រឹក្សាអាជ្ញាកណ្តាលចេញសេចក្តីបង្គាប់ដែលហួសអំណាចផ្តល់ដោយច្បាប់ស្តីពីការងារ និងប្រកាស។
សិក្ខាសាលានេះជាឱកាសដ៏ល្អសម្រាប់ប្រទេសជាសមាជិកអាស៊ានទាំងអស់ចែករំលែកបទពិសោធន៍ និងរៀនសូត្រពីគ្នានូវការ អនុវត្តល្អៗនៅក្នុងការដោះស្រាយវិវាទការងារ។ គួរកត់សម្គាល់ថា ប្រទេសថៃ និងហ្វីលីពីន មានប្រព័ន្ធតុលាការការងារ (រួមទាំង ប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ) រីឯប្រទេសដទៃបានប្រើប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាដំណើរការចម្បង សម្រាប់ការដោះស្រាយវិវាទការងារ។ មីយ៉ាន់ម៉ាមានប្រព័ន្ធត្រីភាគីប្រហាក់ប្រហែលនឹងក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជាដែរ ដោយសមាជិកចំនួន ៣ រូប បើកសវនាការវិវាទការងារ ប៉ុន្តែប្រព័ន្ធអាជ្ញាកណ្តាលមីយ៉ាន់ម៉ាមានប្រព័ន្ធឧទ្ធរណ៍ ស្រដៀងទៅនឹងលំដាប់ជាន់ ថ្នាក់របស់តុលាការដែរ។ តំណាងតុលាការឧស្សាហកម្មម៉ាឡេស៊ីបានដាស់តឿនប្រទេសជាសមាជិកអាស៊ានឲយោង និងពិចារណាសេចក្តីសម្រេចស្តីពីវិវាទការងាររបស់ប្រទេសជាសមាជិកដទៃនៅពេលបើកសវនាការវិវាទដោយសារកម្មករនិយោជិតបានឆ្លងដែនធ្វើការនៅក្នុងតំបន់នេះ ហើយអ្វីដែលសំខាន់ទៅទៀតនោះ នៅក្នុងវិស័យឧស្សាហកម្ម សូមជៀសវាងប្រើសមាសភាពផ្លូវការនៃវិធាន និងនីតិវិធី តុលាការជាតិតែមួយ។ ជាធម្មតា វិវាទការងារខុសពីវិវាទដទៃទៀតដោយសារតែភាគីវិវាទត្រូវបន្តធ្វើការជាមួយគ្នា ដូច្នេះ ប្រការសំខាន់ត្រូវធ្វើការដោះស្រាយឲបានឆាប់ក្នុងន័យច្បាប់ និងជាក់ស្តែង។