ក្រុមប្រឹក្សាអាជ្ញាកណ្ដាល គឺជាស្ថាប័នឯករាជ្យមួយដែលមានមុខងារដោះស្រាយវិវាទការងាររួម ដែលផ្សះផ្សាមិនសះជា។ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ យោងតាមបទបញ្ញត្តិនៃច្បាប់ស្ដីពីការងារនៅឆ្នាំ ១៩៩៧។
ក្រុមប្រឹក្សាអាជ្ញាកណ្ដាលមានរចនាសម្ព័ន្ធជាត្រីភាគី។ មានន័យថា ក្រុមប្រឹក្សានេះមានសមាសភាពស្នើឡើងដោយភាគីបីគឺ (១)-សហជីពកម្មករនិយោជិត (២)-សមាគមនិយោជក និង (៣)-ក្រសួងការងារ។ បច្ចុប្បន្ន ក្រុមប្រឹក្សាអាជ្ញាកណ្ដាល មានអាជ្ញាកណ្ដាលចំនួន ៣០រូបដែលត្រូវបានតែងតាំងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការងារ សម្រាប់អាណត្តិ ១ឆ្នាំ។
ក្រុមប្រឹក្សាអាជ្ញាកណ្ដាលដោះស្រាយវិវាទការងាររួម។ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលអាចដោះស្រាយវិវាទសិទ្ធិ និងវិវាទផលប្រយោជន៍។ វិវាទសិទ្ធិគឺជាវិវាទទាក់ទងនឹងសិទ្ធិរបស់ភាគីណាមួយដូចមានចែង ក្នុងច្បាប់ជាធរមាន។ ចំណែកឯវិវាទផលប្រយោជន៍គឺជាវិវាទទាក់ទងនឹងផលប្រយោជន៍នៅពេលអនាគត ហើយវាមិនទាក់ទងនឹងសិទ្ធិស្របច្បាប់ក្នុងពេល បច្ចុប្បន្នឡើយ។
ប្រសិនបើភាគីវិវាទការងាររួមទាំងពីរមិនអាចឈានដល់ការព្រមព្រៀងគ្នា តាមរយៈការចរចា ឬការផ្សះផ្សាបានទេ មន្ត្រីផ្សះផ្សាវិវាទ នឹងបញ្ជូនវិវាទនោះទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលតាមរយៈរដ្ឋ មន្ត្រីក្រសួងទទួលបន្ទុកការងារ។
អាជ្ញាកណ្ដាល ៣រូបនឹងត្រូវជ្រើសតាំងដើម្បីសំរេចរឿងក្ដីនិមួយ។ អាជ្ញាកណ្ដាលទាំង ៣រូបត្រូវបានហៅថា ក្រុមអាជ្ញាកណ្ដាល។ ក្រុមអាជ្ញាកណ្ដាលនេះតំណាងអោយក្រុមប្រឹក្សាអាជ្ញាកណ្ដាលហើយទទួលខុស ត្រូវធ្វើសេចក្ដីសំរេច និងចេញសេចក្ដីបង្គាប់ដើម្បីដោះស្រាយវិវាទរវាងភាគីទាំងពីរ។
ភាគីនៃវិវាទត្រូវជ្រើសរើសអាជ្ញាកណ្ដាល ១រូបចេញពីបញ្ជីអាជ្ញាកណ្ដាលរបស់ខ្លួនដើម្បីជំនុំជំរៈ រឿងក្ដី។ បន្ទាប់មកអាជ្ញាកណ្ដាលទាំងពីរដែលជ្រើសរើសដោយភាគីវិវាទត្រូវ ជ្រើសរើសអាជ្ញាកណ្ដាលទីបីមួយរូបទៀត ដើម្បីឱ្យដឹកនាំអង្គសវនាការ។ ក្រុមអាជ្ញាកណ្ដាលមានអាជ្ញាកណ្ដាលចំនួនបីរូប។ ក្រុមអាជ្ញាកណ្ដាលត្រូវតែបង្កើតឡើងក្នុងរយៈពេលបីថ្ងៃ ហើយក្រុមអាជ្ញាកណ្ដាលត្រូវចេញសេចក្ដីបង្គាប់ក្នុងរយៈពេល ១៥ថ្ងៃធ្វើការលើកលែងតែភាគីទាំងពីរយល់ព្រមពន្យារពេល។
ក្នុងករណីវិវាទទាក់ទងនឹងសិទ្ធិ ក្រុមអាជ្ញាកណ្ដាលនឹងសម្រេចសេចក្ដីដោយយោងទៅតាមច្បាប់។ ក្នុងករណីវិវាទ ទាក់ទងនឹងផលប្រយោជន៍ ក្រុមអាជ្ញាកណ្ដាលនឹងសម្រេចសេចក្ដីដោយយោងទៅតាមគោលការណ៍សមធម៌។
មិនអាចបានទេ។ ការធ្វើកូដកម្ម ឬការផ្អាកសកម្មភាពការងារ (ឡុកអៅ) គឺជាអំពើមិនស្របច្បាប់នៅ ពេលដែលរឿងក្ដីកំពុងត្រូវបានដោះស្រាយ។ ការធ្វើកូដកម្ម ឬការផ្អាកសកម្មភាពការងារ (ឡុកអៅ) អាចធ្វើឡើងបាន លុះត្រាតែភាគីណាមួយបដិសេធនឹងសេចក្ដីបង្គាប់របស់ក្រុមអាជ្ញាកណ្ដាល ឬនៅពេលដែលក្រុមអាជ្ញាកណ្ដាល ខនខានមិនបានបំពេញ ការងាររបស់ខ្លួនតាមរយៈពេលកំណត់នៅក្នុងច្បាប់។
សេចក្ដីបង្គាប់អាជ្ញាកណ្ដាល គឺជាការសេចក្ដីសម្រេចរបស់ក្រុមអាជ្ញាកណ្ដាល។ ក្រុមអាជ្ញាកណ្ដាល នឹងព្យាយាមសំរេចជាឯកឆន្ទប៉ុន្តែក្រុមអាជ្ញាកណ្ដាលនឹងសំរេចតាមមតិ ភាគច្រើន ប្រសិនបើការសំរេចជាឯកឆន្ទមិនអាចធ្វើទៅបាន។ ទោះក្នុងករណីណាក៏ដោយ អាជ្ញាកណ្ដាលទាំងបីរូបត្រូវតែចុះហត្ថលេខាលើសេចក្ដីបង្គាប់ របស់ខ្លួន។ ច្បាប់ចំលងនៃសេចក្ដីបង្គាប់ដែលត្រឹមត្រូវមួយត្រូវតែផ្ញើជូន រដ្ឋមន្ត្រីក្រសួងការងារ និងភាគីវិវាទទាំងពីរ។
មុននឹងក្រុមប្រឹក្សាអាជ្ញាកណ្ដាលចេញសេចក្ដីបង្គាប់ ភាគីទាំងពីរត្រូវជ្រើសរើសប្រភេទនៃសេចក្ដីបង្គាប់ ជាសេចក្ដីបង្គាប់ជាប់កាតព្វកិច្ច ឬជាសេចក្ដីបង្គាប់មិនជាប់កាតព្វកិច្ច។ ប្រសិនបើភាគីទាំងពីរជ្រើសរើសសេចក្ដីបង្គាប់ជាប់កាតព្វកិច្ច ភាគីទាំងពីរគ្មានសិទ្ធិប្ដឹងជំទាស់នឹងសេចក្ដីបង្គាប់នេះឡើយហើយ សេចក្ដីបង្គាប់នេះនឹងចងកាតព្វកិច្ច ហើយអនុវត្ដលើភាគីទាំងពីរភ្លាម។ ប្រសិនបើភាគីណាមួយ ឬភាគីទាំងពីរមិនឯកភាពលើសេចក្ដីបង្គាប់ជាប់កាតព្វកិច្ចទេ ពេលនោះសេចក្ដីបង្គាប់អាជ្ញាកណ្ដាលនឹងក្លាយជាសេចក្ដីបង្គាប់មិនជាប់ កាតព្វកិច្ច។ ចំណុចនេះមានន័យថា ភាគីណាមួយនៃវិវាទមានសិទ្ធិប្ដឹងជំទាស់ទៅនឹងសេចក្ដីបង្គាប់នោះបាន (ក្នុងរយៈពេល ៨ថ្ងៃ)។ ប្រសិនបើភាគីណាមួយដាក់ពាក្យប្ដឹងជំទាស់ទៅនឹងសេចក្ដីបង្គាប់ នោះវានឹងត្រូវទុកជាមោឃៈ និងមិន អាចអនុវត្ដបានទេ។ ប៉ុន្តែប្រសិនបើមិនមានភាគីណាមួយដាក់ពាក្យប្ដឹងជំទាស់ទៅនឹងសេចក្ដី បង្គាប់នោះទេ សេចក្ដីបង្គាប់នឹងអាចអនុវត្ដបាន ហើយភាគីទាំងពីរជាប់កាតព្វកិច្ចអនុវត្ដសេចក្ដីបង្គាប់នេះបន្ទាប់ពី ផុតរយៈ ពេលប្ដឹងជំទាស់ចំនួន ៨ថ្ងៃប្រក្រតិទិន។
ការជំទាស់នឹងសេចក្ដីបង្គាប់ត្រូវធ្វើឡើងក្នុងរយៈពេល ៨ថ្ងៃប្រក្រតិទិនបន្ទាប់ពីទទួលបានច្បាប់ចំលងត្រឹមត្រូវនៃសេចក្ដី បង្គាប់។ ការប្ដឹងជំទាស់ក្រោយរយៈពេល ៨ថ្ងៃនឹងមិនមានប្រសិទ្ធភាពឡើយ។ ដើម្បីដាក់ ពាក្យប្ដឹងជំទាស់នឹងសេចក្ដីបង្គាប់ ភាគីវិវាទត្រូវជូនដំណឹងដល់លេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្ដាល ជា លាយលក្ខណ៍អក្សរ ឬបំពេញបែបបទនៅការិយាល័យរបស់លេខាធិការដ្ឋាននេះ។ នៅពេលណាដែលការ ជំទាស់ត្រូវបានធ្វើឡើងហើយ សេចក្ដីបង្គាប់នឹងក្លាយជាមោឃៈហើយភាគីទាំងពីរមានសិទ្ធិធ្វើកូដកម្ម ឬផ្អាកសកម្មភាពការងារ (ឡុកអៅ)។ ក្នុងករណីនេះ ភាគីវិវាទទាក់ទង នឹងសិទ្ធិអាចជ្រើសរើសវិធីដោះស្រាយវិវាទរបស់ពួកគេតាមរយៈតុលាការ។
លេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល គឺជាស្ថាប័នដែលត្រូវបង្កើតឡើងដោយប្រកាសរបស់ក្រសួងការងារ។ លេខាធិការដ្ឋានមានមុខងារផ្ដល់ការគាំទ្រ ឬជួយសម្រួលការងាររដ្ឋបាលដល់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ ភាគីវិវាទមិនអាចទាក់ទងទៅក្រុមអាជ្ញាកណ្ដាលដោយផ្ទាល់បានទេ លើកលែងតែក្នុងថ្ងៃសវនាការ។ រាល់ការទំនាក់ទំនង និងការសួរនាំព័ត៌មាននានាត្រូវតែទាក់ទងផ្ទាល់ទៅលេខាធិការដ្ឋាន។