នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំបណ្តុះបណ្តាលអនឡាញស្តីពី «នីតិវិធីដោះស្រាយវិវាទការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង» ដែលមានអ្នកចូលរួមចំនួន២២នាក់ ស្ត្រី៨នាក់ ជាបុគ្គលិកផ្នែករដ្ឋបាលនិងគ្រប់គ្រងធនធានមនុស្ស និងមន្ត្រីច្បាប់ពីក្រុមហ៊ុនឯកជននានា មេធាវីនិងជំនួយការមេធាវី ចៅក្រម និស្សិត និងអ្នកប្រកបជំនាញវិជ្ជាជីវៈពាក់ព័ន្ធផ្សេងទៀត។
វគ្គបណ្តុះបណ្តាលរយៈពេញ១ថ្ងៃនេះ ផ្តោតលើប្រធានបទសំខាន់ៗដូចខាងក្រោម៖
១) ដំណើរការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ និងអំពីដំណើរការនិងលក្ខណៈសម្បត្តិរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល
២) ទំនាក់ទំនងរវាងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ
៣) បច្ចេកទេសក្នុងការរៀបចំសំណុំរឿង។
វគ្គបណ្តុះបណ្តាលខាងលើ មានការចូលរួមធ្វើបទឧទ្ទេសដោយ លោក មែន និម្មិត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល លោក ប៉ែន សាវ៉ាត ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល និងលោក ម៉ៅ គឹមប៉ាវ និងអ្នកស្រី ហ៊ុយ សម្បត្តិ ជាមន្រ្តីជាន់ខ្ពស់ និងជាមន្ត្រីច្បាប់ ផ្នែកសេវាច្បាប់នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។
នៅក្នុងវគ្គបណ្តុះបណ្តាលនេះ មានការធ្វើបទបង្ហាញ សំណួរ ចម្លើយ និងការពិភាក្សាក្រុមតូច និងការធ្វើបទបង្ហាញលទ្ធផលនៃការពិភាក្សាទៅលើបច្ចេកទេសនៃការរៀបចំសំណុំរឿងដោយផ្អែកលើករណីសិក្សា។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ជឿជាក់ថាអ្នកចូលរួមដែលជាអ្នកប្រកបជំនាញវិជ្ជាជីវៈពាក់ព័ន្ធនឹងវិស័យការងារនិងច្បាប់ស្តីពីការងារ អាចទទួលបាននូវចំណេះដឹងនិងជំនាញអំពីនីតិវិធីដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿងដែលអាចយកជាមូលដ្ឋានរួមចំណែកដល់ការឆ្លើយតប និងដោះស្រាយវិវាទការងាររួមដែលអាចនឹងកើតមានឡើងនៅកន្លែងការងារ និងការប្រកបវិជ្ជាជីវៈប្រចាំថ្ងៃរបស់ពួកគេ។