ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នេះ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល (ACF) បានសហការជាមួយ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ រៀបចំសិក្ខាសាលាតាមអនឡាញស្តីពី នីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ ដែលមានអ្នកចូលរួមចំនួន៥២នាក់ ក្នុងនោះស្រី៩ នាក់ ដែលជាសិស្សចៅក្រមជំនាន់ទី១០ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការចំនួន។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ចំណេះដឹងបន្ថែមដល់សិស្សចៅក្រមអំពីនីតិវិធីដោះស្រាយវិវាទការងារ និងដំណើរការដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងទំនាក់ទំនងជាមួយតុលាការ។
សិក្ខាសាលានេះ មានការអញ្ចើញចូលរួមជាអធិបតីក្នុងពិធីបើកពី លោក ម៉ែន និម្មិត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និង ឯកឧត្តម អ៊ិន បុប្ផា នាយកសាលាភូមិន្ទក្រឡាបញ្ជី ។
នៅក្នុងសុន្ទរកថាស្វាគមន៍ លោក ម៉ែន និម្មិត បានលើកបញ្ជាក់ពីសារៈសំខាន់ ដែលមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ រៀបចំវគ្គសិក្ខាសាលានេះឡើង គឺដើម្បីសិក្សាស្វែងយល់ពីនីតិវិធី និងដំណើរដោះស្រាយវិវាទការងាររួម និងទំនាក់ទំនងរវាងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ ជាពិសេសពាក់ព័ន្ធទៅនឹងដំណើរការដោះស្រាយវិវាទការងារ និងការចេញសេចក្តីបង្គាប់ និងអំណាចរបស់តុលាការចំពោះសេចក្តីសម្រេច ឬសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
ជាមួយគ្នានេះដែរ នៅក្នុងសុន្ទរកថា បើក សិក្ខាសាលា ឯកឧត្តម អ៊ិន បុប្ផា នាយកសាលាភូមិន្ទក្រឡាបញ្ជី បានចាប់ផ្តើមដោយផ្តោតលើពាក្យគន្លឹះសំខាន់ពីរសម្រាប់វគ្គសិក្ខាសាលា គឺ សម្មាទិដ្ឋិ (ការយល់ឃើញត្រូវ) និង សម្មាសង្កប្ប (ការពិចារណាត្រូវ)។ ឯកឧត្តមបានលើកឡើង ជាសំណួរថា បើយើងមានតុលាការសម្រាប់ជំនុំជម្រះក្តីរួចទៅហើយ តើហេតុអ្វីចាំបាច់មាននីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ? ត្រង់ចំណុចនេះ ឯកឧត្តម បានគូសបញ្ជាក់ថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺវាមានលក្ខណៈសន្តិភាពជាងការដោះស្រាយដោយប្រព័ន្ធតុលាការ សម្រាប់ករណីវិវាទការងារ ឬវិវាទរដ្ឋប្បវេណី។ មូលហេតុនេះហើយ ទើបតម្រូវឱ្យមានយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ”។
សិក្ខាសាលារយៈពេលមួយព្រឹកនេះ ត្រូវបានសម្របសម្រួល និងឧទ្ទេសដោយ លោក គង់ ផល្លៈ អាជ្ញាកណ្តាលនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលបានផ្តោតទៅលើប្រធានបទសំខាន់ៗដូចជា ១) ដំណើរការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ២) ប្រភេទនៃវិវាទការងារ ៣) នីតិវិធីដោះស្រាយវិវាទការងារ ៤). ដំណើរការ និងលក្ខណៈសម្បត្តិរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និង ៥) ទំនាក់ទំនងរវាងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ។ ក្រៅពីការធ្វើបទបង្ហាញផ្នែកទ្រឹស្តីនិងច្បាប់ លោកអាជ្ញាកណ្តាល គង់ ផល្លៈ ក៏បានចែករំលែបទពិសោធន៍របស់លោកជាក់ស្តែងក្នុងនាមជាអាជ្ញាកណ្តាលដែលបានចូលរួមដោះស្រាយវិវាទការងាររួមអស់រយៈពេលប្រមាណជិត២០ ឆ្នាំចុងក្រោយនេះ។ លើសពីនេះ សិក្ខាកាមដែលជាសិស្សចៅក្រម ក៏បានលើកឡើងនូវសំណួរជាច្រើនជុំវិញនីតិវិធីនៃការដោះស្រាយវិវាទការងាររួម ការធ្វើសេចក្តីសម្រេចចិត្តរបស់អាជ្ញាកណ្តាល និងនីតិវិធីក្នុងការអនុវត្តសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
សូមបញ្ជាក់ថា កន្លងមកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ធ្លាប់បានសហការជាមួយរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការក្នុងការផ្តល់វគ្គបណ្តុះបណ្តាលដល់សិស្សចៅក្រម និងសិស្សក្រឡាបញ្ជីជំនាន់ផ្សេងៗគ្នាចំនួន៤វគ្គ រួចមកហើយ។ លើសពីនេះទៅទៀត មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល នឹងបន្តស្នើសុំកិច្ចសហការជាមួយរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ក្នុងផ្តល់វគ្គបណ្តុះបណ្តាលទៅដល់សិស្សចៅក្រម និងសិស្សក្រឡាបញ្ជីនៅជំនាន់ក្រោយៗទៀត។