ប្រសិនបើអ្នកកើតមកនៅក្នុងគ្រួសារក្រីក្រមួយ នោះអ្នកនឹងមានការលំបាកក្នុងការបំបែកវដ្ដនៃភាពក្រីក្រនេះ។ ទោះបីជាយ៉ាងនេះក្តី បុរសអាយុ ៣៨ឆ្នាំនេះ បានធ្វើការងារយ៉ាងស្វាហាប់អស់មួយជីវិតរបស់គាត់ដើម្បីរុញច្រានខ្លួនគាត់ និងក្រុមគ្រួសារឲចេញផុតពី ភាពក្រីក្របាន។
ជាកូនច្បងកើតនៅក្នុងគ្រួសារក្រីក្រមួយដែលមានម្តាយមេម៉ាយ និងមានកូន ០៤នាក់ អាជ្ញាកណ្តាល ញាន សុមុន្មិន្ទ រស់នៅជាមួយភាពលំបាកផ្នែករាងកាយ និងមិនមានអាហារបរិភោគគ្រប់គ្រាន់ក្នុងវ័យកុមារភាពរបស់ខ្លួន។ គាត់ត្រូវតែធ្វើការតាំងពី នៅវ័យក្មេង ដើម្បីជួយចែករំលែកបន្ទុកចិញ្ចឹមគ្រួសារ។ បន្ទាប់ពីការសិក្សា គាត់ដើររើសអេតចាយវត្ថុណាដែលអាចលក់បាន និងបន្ទាប់មកលក់នំបុ័ងនៅតាមផ្លូវ ចិញ្ចឹមជ្រូក លក់នំនែកនានានៅតាមសួនច្បារសាធារណៈនៅក្នុងក្រុងភ្នំពេញនៅពេលរសៀល និងលក់បន្លែនៅតាមផ្សារដែលមានភក់ជ្រាំ ដើម្បីតែជួយគ្រួសាររបស់គាត់។
នៅពេលគាត់មានអាយុ ១១ឆ្នាំ គាត់បានបាត់បង់ឪពុកជាទីស្រលាញ់របស់គាត់ ដែលជាអ្នកទំនុកបម្រុងគ្រួសារ។ ការស្លាប់របស់ ឪពុកគាត់ និងជាមួយម្តាយខ្លួនមួយបានធ្វើឲមានការលំបាកយ៉ាងច្រើននៅក្នុងគ្រួសារ។ អាជ្ញាកណ្តាល ញាន សុមុន្មិន្ទ ត្រូវទទួលរ៉ាប់រង ស្ទើររាល់បន្ទុកហិរញ្ញវត្ថុរបស់គ្រួសារ និងទទួលខុសត្រូវចំពោះការសិក្សា និងអនាគតរបស់ប្អូនៗ។ នៅក្នុងបឋមវ័យរបស់គាត់ លោក អាជ្ញាកណ្តាល បានធ្វើការងារជាច្រើន រួមមាន កម្មករដឹកដី អ្នករត់ស៊ីក្លូ និងរត់ម៉ូតូឌុប ជាអ្នកអានាម័យនៅតាមសាលារៀនឯកជន និងបន្ទាប់មកជាគ្រូបង្រៀនភាសាថៃ និងអង់គ្លេស។
ជាធម្មតា កុមារមិនគួរធ្វើការងារបែបនេះឡើយ ប៉ុន្តែអាជ្ញាកណ្តាល ញាន សុមុន្មិន្ទ មិនមានជម្រើសទេ។ គាត់ត្រូវបង្ខំចិត្តធ្វើការងារទាំងនេះ ដើម្បីទំនុកបម្រុងគ្រួសាររបស់គាត់។ ដោយសារត្រូវធ្វើការងារហត្ថកម្មធ្ងន់ៗ គាត់ត្រូវស៊ូទ្រាំអត់ធន់តាំងពីកុមារភាព ដែលបណ្តាលឲគាត់មានបញ្ហាសុខភាពធ្ងន់ធ្ងរតាំងពីនៅវ័យក្មេង។ គាត់និយាយថា “ដោយសារការងារលើកដី ខ្ញុំធ្លាប់ទទួលរងរបួសខ្នងយ៉ាងធ្ងន់ធ្ងរ ហើយខ្ញុំសឹងតែនឹងធ្លាក់ខ្លួនពិការជាអចិន្រ្តៃយ៍ទៅហើយ នៅពេលដែលខ្ញុំមានអាយុ ១៤ឆ្នាំ”។
ទោះបីជាត្រូវធ្វើការងារធ្ងន់ៗដើម្បីចញ្ចឹមគ្រួសារក៏ដោយ គាត់មិនបានបោះបង់ចោលការសិក្សាទេ។ អាជ្ញាកណ្តាល ញាន សុមុន្មិន្ទ តែងតែរស់នៅជាមួយបាវចនា គឺ “ចំណេះដឹង និងជំនាញ គឺជាមូលដ្ឋានសម្រាប់ជីវិតមួយដែលមានសេរីភាព និងមោទនភាព”។ បន្ថែមពីលើនេះ គាត់គឺជាសិស្សម្នាក់ដែលមានការជោគជ័យក្នុងការសិក្សាដ៏ធំធេង។ នៅពេលគាត់សិក្សានៅថ្នាក់វិទ្យាល័យ គាត់គឺជាសិស្សឆ្នើមខាងគណិតវិទ្យា។ ការខិតខំសិក្សារៀនសូត្របានផ្តល់ជាផ្លែផ្កាឲគាត់ គឺនៅក្នុងឆ្នាំ១៩៩៣ គាត់ទទួលបានអាហារូបករណ៍ទៅសិក្សានៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយនឹងទទួលបានបរិញ្ញាបត្រផ្នែកភូមិវិទ្យា ស្របពេលដែលគាត់កំពុងធ្វើការឲក្រុមហ៊ុនឯកជនជាច្រើនដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ ប្រាក់ចំណូលដែលគាត់រកបានបន្តិចបន្ទួចនេះ គាត់បានរំលែកសម្រាប់ទ្រទ្រង់គ្រួសាររបស់គាត់ និងបង់ប្រាក់ថ្លៃសិក្សា នៅពេលគាត់សិក្សាកម្មវិធីច្បាប់ជាភាសាអង់គ្លេស នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលនៅពេលនោះ គាត់ក៏ជានិស្សិតឆ្នើមផងដែរ។ ការជោគជ័យផ្នែកសិក្សារបស់គាត់ មិនបានបញ្ចប់ត្រឹមនេះទេ។ គាត់ក៏បានទទួលអាហារូបករណ៍ Chevening របស់ចក្រភពអង់គ្លេស ហើយទទួលបានសញ្ញាបត្រអនុបណ្ឌិតខាងអភិបាលកិច្ច និងការអភិវឌ្ឍ ពីវិទ្យាស្ថានសិក្សាអំពីការអភិវឌ្ឍរបស់សាកលវិទ្យាល័យ Sussex , អាហារូបករណ៍ស្រាវជ្រាវផ្នែកច្បាប់រយៈពេលមួយឆ្នាំនៅឯសាលាច្បាប់របស់សាកលវិទ្យាល័យ Michigan, និងអាហារូបករណ៍ទៅចូលរួមវគ្គសិក្សា Executive Postgraduate on Public-Private Opportunities for City Regeneration នៅក្នុងប្រទេសហូឡង់ នៅឯវិទ្យាស្ថានសិក្សាអំពីលំនៅដ្ឋានរបស់សាកលវិទ្យាល័យ Erasmus ។
ជាមួយនឹងការជោគជ័យក្នុងការសិក្សាដ៏ធំធេងនេះ អាជ្ញាកណ្តាល ញាន សុមុន្មិន្ទ មិនចាំបាច់ធ្វើការងារលំបាកដោយប្រើកំលាំងបាយ ទៀតទេ។ គាត់បានធ្វើការជាអ្នកពិគ្រោះយោបល់ផ្នែកអភិបាលកិច្ច និងច្បាប់ ជាអ្នកជំនាញខាងដីធ្លី និងជាអ្នកជំនាញខាងធ្វើសេចក្កីព្រាងនីតិកម្ម សម្រាប់គម្រោងផ្សេងៗរបស់ម្ចាស់ជំនួយ និងអង្គការអន្តរជាតិនានា ដូចជា USF-CLEC, EWMI, UNICEF, ADB, World Bank, DANIDA, UNDP, GTZ, EU ជាដើម។
នៅក្នុងឆ្នាំទីពីរនៃប្រតិបត្តិការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយសារមានប្រវត្តិសិក្សាគួរកត់សម្គាល់ និងមានបទពិសោធន៍នៅក្នុង វិស័យច្បាប់ការងារ ច្បាប់កិច្ចសន្យា និងទំនាក់ទំនងវិជ្ជាជីវៈ អាជ្ញាកណ្តាល ញាន សុមុន្មិន្ទ ត្រូវបានណែនាំ និងជ្រើសតាំងដោយទីប្រឹក្សា របស់គម្រោងរបស់អង្គការពលកម្មអន្តរជាតិ និងបន្ទាប់មកត្រូវបានតែងតាំងដោយប្រកាសរបស់ក្រសួងការងារជាសមាជិករបស់ ក្រុមប្រឹក្សាអាជ្ញាកណ្តាល នៅក្នុងបញ្ជីរបស់ក្រសួង។
អាជ្ញាកណ្តាលមិនទទួលបានប្រាក់បៀវត្សរ៍ទេនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ប៉ុន្តែទទួលបានប្រាក់លើកទឹកចិត្តបន្តិចបន្តួចតាមសំណុំរឿង នីមួយៗ។ ទោះបីជាយ៉ាងនេះក្តី អាជ្ញាកណ្តាល ញាន សុមុន្មិន្ទមានសេចក្តីរីករាយជាមួយនឹងការរួមចំណែករបស់គាត់ ចំពោះការងារ របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ គាត់និយាយថា “ខ្ញុំមានមោទនភាពដែលបានធ្វើជាអាជ្ញាកណ្តាលនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ពីព្រោះនេះជាស្ថាប័នជាតិឯករាជ្យដែលមានកិត្តិសព្ទល្បីល្បាញ ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ ហើយទទួលបានការគោរពយ៉ាងច្រើន ពីសំណាក់ភាគីពាក់ព័ន្ធសម្រាប់ការដោះស្រាយវិវាទការងារដោយផ្អែកលើច្បាប់ និងសមធម៌”។ គាត់បន្ថែមទៀតថា “នេះជាបុព្វសិទ្ធិ មួយយ៉ាងធំធេងសម្រាប់ខ្ញុំ ដែលអាចចូលរួមចំណែកដល់ការអភិវឌ្ឍច្បាប់ និងការកសាងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា”។
បច្ចុប្បន្ន ក្រៅពីបម្រើការងារជាអាជ្ញាកណ្តាលនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល អាជ្ញាកណ្តាល ញាន សុមុន្មិន្ទក៏ជាអាជ្ញាកណ្តាលពាណិជ្ជកម្ម ដែលបានចុះឈ្មោះជាមួយមជ្បមណ្ឌលជាតិមជ្ឈត្តការ, ជាទីប្រឹក្សាច្បាប់ជាន់ខ្ពស់នៅក្រុមហ៊ុនច្បាប់ HBS និងជាអ្នកពិគ្រោះយោបល់ ឯករាជ្យឲគម្រោងមួយចំនួនដែលផ្តល់មូលនិធិដោយម្ចាស់ជំនួយ។ គាត់យល់ឃើញថា សមិទិ្ធផលនានានៅក្នុងជីវិត គឺបានមក ដោយសារការប្រឹងប្រែងធ្វើការ សុចរិតភាព និងការឲតម្លៃលើការងារ និងការសិក្សា។ ជាពិសេស គាត់មានមោទនភាពក្នុងរស់នៅ ស្របតាមពាក្យស្លោកថា “ការសិក្សា គឺជាផ្នែកមួយនៃអាហារប្រចាំថ្ងៃ និងជីវិត”។