តំណាងនិយោជក និងកម្មករនិយោជិតនៃក្រុមហ៊ុនស្ព័រតិច បានបញ្ចប់វគ្គបណ្តុះបណ្តាលនៃកម្មវិធីការបង្ការនិងដោះស្រាយវិវាទនៅកន្លែងការងារ

Share with :

កាលពីថ្ងៃទី២៩ ខែកញ្ញា​ ឆ្នាំ២០២១ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល​បានរៀបចំវគ្គបណ្តុះបណ្តាលដោយផ្តោតលើប្រធានបទ “ការប្រាស្រ័យទាក់ទង​សម្រាប់ការ​ចរចានៅកន្លែងធ្វើការ” ដែលជាប្រធានបទចុងក្រោយនៃកម្មវិធី ការបង្ការ និង​ដោះ​ស្រាយ​វិវាទនៅកន្លែងការងារ។ វគ្គបណ្តុះបណ្តាលនេះ មានអ្នកចូលរួមចំនួន ១៦នាក់ ក្នុងនោះស្រី ១៤នាក់ (២នាក់ចូលរួមតាមអនឡាញ) ជាតំណាងនិយោជក និងកម្មករនិយោជិត រួមមាន អ្នកគ្រប់គ្រងផ្នែកធនធានមនុស្ស មន្ត្រីផ្នែកទំនាក់ទំនងវិជ្ជាជីវៈ មន្ត្រីផ្នែកបណ្តុះបណ្តាល មន្ត្រីផ្នែកដោះស្រាយវិវាទ ប្រតិភូបុគ្គលិក អ្នកគ្រប់គ្រងកម្មករ​តាមផ្នែក ព្រមទាំងសមាជិកនិងថ្នាក់ដឹកនាំសហជីព។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងដល់សិក្ខាកាម​អំពី ការចរចានិងទម្រង់នៃការចរចា​ ការចរចាដោយផ្អែកលើជំហរ និងការចរចាដោយផ្អែកលើផលប្រយោជន៍ ជំនាញនិងលក្ខណៈសម្បត្តិនៃការចរចាដ៏ល្អ និងការត្រៀម​រៀបចំ​សម្រាប់ការចរចាដ៏មានប្រសិទ្ធិភាព។

 

វគ្គបណ្តុះបណ្តាលរយៈពេលពេញ១ថ្ងៃនេះ បានពិភាក្សាលើប្រធានបទសំខាន់ៗដូចជា អ្វីជាការចរចា, ទម្រង់និងប្រភេទនៃការចរចា, ជំនាញសម្រាប់អ្នកចរចាដ៏ពូកែ, លក្ខណៈសម្បត្តិនៃអ្នកចរចា, និងការត្រៀមខ្លួន​សម្រាប់ការចរចា។ ជាមួយគ្នានេះដែរ វគ្គបណ្តុះបណ្តាល បានប្រើវិធីសាស្ត្របែបចូលរួម ដូចជា ល្បែង​ឆ្លុះបញ្ចាំង ការពិភាក្សាក្រុម ការសំដែង ការទស្សនាវីដេអូលើប្រធានបទឈានដល់កិច្ចព្រមព្រៀង និងការអនុវត្តករណីសិក្សាដែលបានបង្កើតបរិយាកាស​អំណោយផលដល់​ការ​ចូលរួម​របស់សិក្ខាកាម។ វគ្គបណ្តុះបណ្តាលនេះ មានការ​ចូល​រួម​សម្រប​សម្រួល​ដោយ​ក្រុមការងារផ្នែកសេវា​ច្បាប់ និង​ផ្នែក​​បណ្តុះ​បណ្តាល​ និង​ទំនាក់​​ទំនង​​ របស់​មូល​និធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​។ ​

ជាកិច្ចចាប់ផ្តើម លោក យិនសៀង សុមេធ ប្រធានផ្នែកបណ្តុះបណ្តាល និងទំនាក់ទំនង បានសម្របសម្រួល​ឱ្យមាន​ការឆ្លុះបញ្ចាំងពីខ្លឹមសារមេរៀនសំខាន់ៗនៃ យន្តការនៃកិច្ចសហការនៅកន្លែងធ្វើការ ដែលមាននៅក្នុង​ម៉ូឌុលទី២។ បន្ទាប់មក លោក សុមេធ បានចាប់ផ្តើមមេរៀននៅ​ក្នុង​ម៉ូ​ឌុល​ទី៣ តាមរយៈ​ការធ្វើ​បទ​បង្ហាញ​ និងសម្រប​សម្រួល​ឱ្យ​មាន​​ការ​ឆ្លុះ​បញ្ចាំង​ ​និង​​ការ​ពិភាក្សា​ក្រុម​អំពី​អត្ថ​ប្រយោជន៍​នៃការចរចា​។​​

 

បន្ទាប់មក លោក ស ម៉ូរី មន្ត្រីជាន់ខ្ពស់ផ្នែកបណ្តុះបណ្តាល និងទំនាក់ទំនង បានធ្វើបទបង្ហាញលើ​ប្រធានបទ ប្រភេទនៃការចរចា​ ដោយផ្តោតសំខាន់លើ ការចរចាដោយផ្អែកលើគោលជំហរ និងការចរចាដោយផ្អែកលើផលប្រយោជន៍។ នៅក្នុង​ប្រធានបទនេះ លោក ម៉ូរី បានសម្របសម្រួលឱ្យមានការលេងល្បែងឆ្លុះបញ្ចាំង និងការសំដែងដែលទាក់ទងនឹងប្រធានបទដើម្បីឱ្យអ្នក​ចូលរួម​ងាយយល់ពីខ្លឹមសារនៃមេរៀន។

ប្រធានបទចុងក្រោយនៃវគ្គបណ្តុះបណ្តាល ស្តីពី ជំនាញ និងលក្ខណៈសម្បត្តិរបស់អ្នកចរចា និងការត្រៀមខ្លួនសម្រាប់ការចរចា ត្រូវបានសម្របសម្រួល​​ដោយ លោកស្រី ប៉ាត ណាវី នាយិកាស្តីទីផ្នែកសេវាច្បាប់។ ក្រៅពី​ការរៀនសូត្រ និងការពិភាក្សាផ្នែកទ្រឹស្តី អ្នកសម្របសម្រួលបានឱ្យអ្នកចូលរួម​ធ្វើករណីសិក្សានិងអនុវត្តមេរៀន​តាមរយៈការសំដែងការចរចា។​

សូមបញ្ជាក់ថា តំណាងនិយោជក និងកម្មករនិយោជិតមកពីក្រុមហ៊ុនស្ព័រតិច បានបញ្ចប់វគ្គបណ្តុះបណ្តល​​​​ ​​ទាំង​​​​​បីម៉ូឌុលនៃកម្មវិធីការបង្ការ និង​ដោះ​ស្រាយ​វិវាទនៅកន្លែងការងារ ដែលរួមមានប្រធានបទ ១). ការកសាងទំនាក់ទំនងការងារ ២). យន្តការសហការនៅកន្លែងធ្វើការ និង ៣). ការប្រាស្រ័យទាក់ទង​សម្រាប់ការ​ចរចានៅកន្លែងធ្វើការ។

នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាល លោក យិនសៀង សុមេធ ប្រធានផ្នែកបណ្តុះបណ្តាល និងទំនាក់ទំនង បានពិភាក្សាជាមួយអ្នកចូលរួមអំពីដំណើរការនៃបង្កើតគណៈកម្មការបង្ការ និងដោះស្រាយវិវាទនៅកន្លែងការងារ ដែលមានសមាសភាពពី​តំណាងនិយោជិក ប្រភិភូបុគ្គលិក និងថ្នាក់ដឹកនាំសហជីពមូលដ្ឋាន ប្រចាំរោងចក្រស្ព័រតិច។ បន្ទាប់មកទៀត មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល នឹងចាប់ផ្តើមអនុវត្ត​ជំហាន​ “ការណែ​នាំអនុវត្ត” នៅចន្លោះខែតុលារហូតដល់ដំណាច់ឆ្នាំ២០២១ នេះ។