ការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា

In 2013, the AC Newsletters will continue the Labour Law Education series designed to explain key sections of the Cambodian Labour Law 1997 (“the Labour Law”). In this issue, we address the minimum wage in Cambodia. We will explore the concept of a minimum wage and how the minimum wage is determined under the Labour Law, as well as the history of the minimum wage and the future of wage determination in Cambodia.
Share with :

តើប្រាក់ឈ្នួលអប្បបរមាជាអ្វី?
ប្រាក់ឈ្នួលអប្បបរមាគឺជាឈ្នួលការងារ ឬឈ្នួលសេវាកំរិតដោយច្បាប់ជាតិ ដែលនិយោជកត្រូវបើកឲកម្មករ និយោជិត។​ ប្រាក់ឈ្នួលអប្បបរមាខុសពី “ប្រាក់ឈ្នួលសម្រាប់ការរស់នៅ” ដែលមានន័យថាជាប្រាក់ចំណូលអប្បបរមា ដែលកម្មករនិយោជិតម្នាក់ និងអ្នកនៅក្រោមបន្ទុករបស់គាត់ត្រូវការជាចាំបាច់សម្រាប់អាហារ ជម្រក និង សំលៀកបំពាក់។​ នៅកម្ពុជា ប្រាក់ឈ្នូលអប្បបរមាត្រូវបានគេចាត់ថាជា “ប្រាក់ឈ្នួលអប្បបរមា ដែលត្រូវធានាដោយ ច្បាប់”។ មាត្រា ១០៤ នៃច្បាប់ស្តីពីការងារចែងថា ប្រាក់ឈ្នួលអប្បបរមាត្រូវបានរៀបចំឡើងដើម្បី​​ “រ៉ាប់រងកម្មករ និយោជិតគ្រប់រូបឲមានកំពស់ជីវភាពសមរម្យទៅតាមសេចក្តីថ្លៃថ្នូររបស់មនុស្ស”។
ប្រាក់ឈ្នួលអប្បបរមាអាចត្រូវបានកំណត់តាមកំរិតប្រាក់ឈ្នួល ឬប្រាក់សេវាប្រចាំម៉ោង ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ឬប្រចាំខែទាបបំផុត ហើយនៅកម្ពុជា ប្រាក់ឈ្នួលអប្បបរមាត្រូវបានគណនាតាមកំរិតកំណត់នៃប្រាក់ឈ្នួលប្រចាំខែ និង ត្រូវបានរៀបចំឡើងសម្រាប់កម្មករនិយោជិតទាំងអស់នៅក្រោមច្បាប់ស្តីពីការងារ (មាត្រា ១០៧)។ អនុសញ្ញាជាលាយល័ក្ខណ៍ អក្សរ ឬដោយមាត់ទទេណា ដែលតម្រូវឲឈ្នួលទៅកម្មករនិយោជិតដោយអត្រាទាបជាងប្រាក់ឈ្នួលអប្បបរមា ដែល ត្រូវធានាត្រូវទុកជាមោឃៈហើយគ្មានផលអ្វីឡើយ (មាត្រា ១០៥)។ ច្បាប់ស្តីពីការងារក៏គ្របដណ្តប់លើកម្មករនិយោជិត ធ្វើការទទួលប្រាក់ឈ្នួលតាមបរិមាណផលិតផល ហើយប្រាក់ឈ្នួលជាមធ្យមរបស់គាត់មិនអាចទាបជាងប្រាក់ឈ្នួល ដែល ត្រូវធានាទេ (មាត្រា ១០៨។)

តើប្រាក់ឈ្នួលអប្បបរមាត្រូវបានកំណត់យ៉ាងដូចម្តេច?
ប្រាក់ឈ្នួលអប្បបរមាត្រូវបានកំណត់តាមរយៈការអនុម័តច្បាប់ស្តីពីការងារកម្ពុជាឆ្នាំ១៩៩៧ ហើយមាត្រា ១០៧ ផ្តល់យុត្តាធិការដល់ក្រសួងបណ្តុះបណ្តាល និងវិជ្ជាជីវៈក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាក្រោយការទទួលបានអនុសាសន៍​ ពីគណៈកម្មការប្រឹក្សាការងារ ដែលជាគណៈកម្មការត្រីភាគីរួមមានតំណាងក្រសួងបណ្តុះបណ្តាល​ និងវិជ្ជាជីវៈ សមាគម និយោជក និងសហជីព។
យោងតាមច្បាប់ស្តីពីការងារ មានការពិចារណាលើធាតុផ្សំមួយចំនួនក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា។​ ធាតុផ្សំ ទាំងនេះរួមមាន ការវាយតម្លៃលើសេចក្តីត្រូវការរបស់កម្មករនិយោជិត (ដូចជា តម្លៃជីវភាពរស់នៅ កំរិតប្រាក់បៀវត្ស និងកំរិតជីវភាពប្រៀបធៀប) ព្រមទាំងការពិចារណាអំពីកត្តាទាំងឡាយនៃវិស័យសេដ្ឋកិច្ច (ដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច ផលិតភាព និងកំរិតមុខរបរ)។
ប៉ុន្តែទោះបីជាមានចែងថា អ្នកណាមានអំណាចក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាក្តី ច្បាប់ស្តីពីការងារមិនបាន​ ផ្តល់យន្តការច្បាស់លាស់សម្រាប់ការកំណត់ប្រាក់ឈ្នួលអប្បបរមាដោយសារមិនមានការកំណត់អំពីរយៈពេលទៀងទាត់ សម្រាប់ការត្រួតពិនិត្យឡើងវិញលើប្រាក់ឈ្នួលអប្បបរមា ឬការវាយតម្លៃឲបានច្បាស់លាស់ចំពោះតម្លៃនៃជីវភាពរស់នៅ និងសូចនាករសេដ្ឋកិច្ច។
ដោយសារកត្តានេះហើយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានបង្កើតគណៈកម្មការចម្រុះត្រីភាគី ដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីកំរិតប្រាក់ឈ្នួលអប្បបរមាសមរម្យនៅខែសីហា ឆ្នាំ២០១៣។ គណៈកម្មការចម្រុះនេះមាន សមាសភាពដូចជា តំណាងរដ្ឋាភិបាល សមាគមនិយោជក​ និងសហជីព។
ទន្ទឹមនឹងនីតិវិធីចែងក្នុងច្បាប់ស្តីពីការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានកំណត់ប្រាក់ឈ្នួល អប្បបរមាចំនួន ៤០ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ នៅឆ្នាំ១៩៩៧ ប៉ុន្តែការត្រួតពិនិត្យឡើងវិញលើប្រាក់ឈ្នួល អប្បបរមាមិនត្រូវបានធ្វើឡើងឲបានទៀតទាត់ទេតាំងពីពេលនោះមក។ នៅឆ្នាំ២០០០ ប្រាក់ឈ្នួលអប្បបរមាត្រូវបាន តម្លើងដល់ ៤៥ ដុល្លារសហរដ្ឋងាមេរិកក្នុងមួយខែ។ ៦ឆ្នាំក្រោយមក ប្រាក់ឈ្នួលនេះត្រូវបានតម្លើងដល់ ៥០ ដុល្លារ សហរដ្ឋអាមេរិកក្នុងមួយខែនៅឆ្នាំ២០០៦។​ ប្រាក់ឈ្នួលដដែលត្រូវបានតម្លើងសាជាថ្មីទៀតនៅឆ្នាំ ២០០៨ ដល់ ៥៦ ដុល្លារ សហរដ្ឋអាមេរិករួមទាំងប្រាក់ឧបត្ថម្ភ និងដល់ ៦១ ដុល្លារសហរដ្ឋអាមេរិកនៅឆ្នាំ ២០១០។​ នៅខែឧសភាឆ្នាំនេះ គណៈកម្មការប្រឹក្សាការងារតម្លើងប្រាក់ឈ្នួលអប្បបរមា ១៤ ដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត ដែលធ្វើឲឡើងដល់ ៧៥ ដុល្លារសហរដ្ឋអាមេរិក្នុងមួយខែ។ ការតម្រូវឲដាក់បញ្ចូលប្រាក់ទ្រទ្រង់សុខភាព ៥ ដុល្លារសហរដ្ឋអាមេរិកក្នុងប្រាក់ ឈ្នួលអប្បបរមាធ្វើឲកម្មករនិយោជិតទទួលបានប្រាក់ឈ្នួល ៨០ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ។
ក្នុងសេចក្តីជូនដំណឹងលេខ ២០៩ ចេញនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា រាជរដ្ឋាភិបាលកម្ពុជានឹងធ្វើការរៀបចំកិច្ចពិភាក្សាស្តីពីការតម្លើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិត ទាំងអស់ក្នុងឆ្នាំ២០១៤ តាមរយៈយន្តការត្រីភាគីដោយមានសមាសភាព រដ្ឋាភិបាល តំណាងនិយោជក និងសហជីព។