សន្និសីទថ្នាក់ជាតិស្តីពីទំនាក់ទំនងវិជ្ជាជីវៈ គឺជាវេទិកាថ្នាក់ជាតិសម្រាប់ភាគីពាក់ព័ន្ធ និងដៃគូនានាក្នុងវិស័យការងារចូលរួមក្នុងកិច្ចពិភាក្សាសង្គមដើម្បីពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឲបានទូលំទូលាយ។ សន្និសីទនេះផ្តល់ឱកាសជាពិសេសមួយដល់ត្រីភាគី និងភាគីដ៏ទៃទៀតទាក់ទងគ្នាទៅវិញទៅមកដោយផ្ទាល់អំពីប្រធានបទនានាដែលទាក់ទងនឹងផលប្រយោជន៍រួម។
ក្នុងឆ្នាំ២០១៦នេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាល មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមការឧបត្ថម្ភពីកម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម ស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្ម និងមូលនិធិហ្គេប អ៊ីន នឹងរៀបចំសន្និសីទថ្នាក់ជាតិលើកទី៧ ក្រោមប្រធានបទ “ទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា៖ ភាពចាស់ទុំ និងការប្តេជ្ញាដើម្បីរីកចម្រើន” ដោយផ្តោតលើប្រធានបទសំខាន់ៗ ដូចខាងក្រោម៖
- ភាពចាស់ទុំនៃទំនាក់ទំនងវិជ្ជាជីវៈកម្ពុជា
- ទំនាក់ទំនងវិជ្ជាជីវៈដែលមានភាពចាស់ទុំ៖ តួនាទី និងការវិវត្តនៃអនុសញ្ញារួមនៅកម្ពុជាការអនុវត្តដ៏ល្អក្នុងការចរចា
- យន្តការនៅកន្លែងធ្វើការដែលកាន់តែមានប្រសិទ្ធភាព
សន្និសីទនេះប្រមូលផ្តុំតំណាងជាន់ខ្ពស់រដ្ឋាភិបាល ក្រុមហ៊ុន សហជីព និងអ្នកជំនាញអន្តរជាតិផ្នែកទំនាក់ទំនងវិជ្ជាជីវៈដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងសក្តានុពល នៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។ សន្និសីទនេះត្រូវបានរៀបចំឡើងមិនត្រឹមតែសម្រាប់ភាគីពាក់ព័ន្ធដែលមានសមាសភាពត្រីភាគី និងដៃគូសំខាន់ៗ ប៉ុណ្ណោះទេ តែថែមទាំងសម្រាប់និស្សិត មេធាវី អ្នកប្រឹក្សាយោបល់ អ្នកបញ្ជាទិញអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងស្ថានទូតនានា ដែលស្វែងយល់ឲកាន់តែច្បាស់ជាងមុនអំពីការរីកចម្រើនជាទូទៅ វឌ្ឍនភាព និងភាពចាស់ទុំ និងទិសដៅអនាគត នៃទំនាក់ទំនងវិជ្ជាជីវៈក្នុងប្រទេសកម្ពុជា។
សន្និសីទស្តីពីទំនាក់ទំនងវិជ្ជាជីវៈលើកទី៦ ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នៅក្នុងឆ្នាំ២០១៥ ស្ថិតក្រោមការឧបត្ថម្ភពីសំណាក់ ភ្នាក់ងារសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការស្វីស ស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា មូលនិធិហ្គេប អ៊ីន និងមូលនិធីលីវ៉ាយស្ត្រាស សន្និសីទស្តីពីទំនាក់ទំនងវិជ្ជាជីវៈលើកទី៦ បានផ្តោតលើប្រធានបទដូចជា ការកំណត់ប្រាក់ឈ្នួលអប្បរមា ការគ្រប់គ្រងវិវាទអំពីផលប្រយោជន៍ និងការយល់ដឹងឲកាន់តែប្រសើរជាងមុន និងការកំណត់អំពីកត្តាជម្រុញឲមានសកម្មភាពកូដកម្មនៅក្នុងប្រទេសកម្ពុជា។ សន្និសីទទាំងនេះ ផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធដើម្បីប្រមូល និងបញ្ចេញនូវមតិយោបល់នានាទាក់ទងនឹងគោលនយោបាយជាតិស្តីពីទំនាក់ទំនងវិជ្ជាជីវៈ។ តួយ៉ាង ប្រកាសស្តីពីភាពតំណាងស្របច្បាប់របស់សហជីពដែលដំណើរការនៅក្នុងប្រទេសកម្ពុជា៕