វិវាទការងារដែលបង្ករការរំខានដល់ផលិតភាពនិងផលិតកម្មអាចត្រូវដោះស្រាយបានល្អបំផុតនៅក្នុងដំណាក់កាលដំបូង។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលរៀបចំកម្មវិធីបណ្តុះបណ្តាលដែលផ្តោតលើការ ផ្តល់ជំនាញចាំបាច់ដល់និយោជកនិងកម្មករនិយោជិតសម្រាប់កសាងនិងរក្សាទំនាក់ទំនងការងារប្រកបដោយសុខដុមរមនា តាមរយៈការលើកទឹកចិត្តឲ្យមានការប្រាស្រ័យទាក់ទង ទប់ស្កាត់ និងដោះស្រាយវិវាទនៅនឹងកន្លែងការងារ។
តើអ្នកណាគួរចូលរួម?
កម្មវិធីនេះ ត្រូវបានរៀបចំឡើងសម្រាប់ថ្នាក់ដឹកនាំសហជីព អ្នកគ្រប់គ្រងធនធានមនុស្ស ប្រធានផ្នែកប្រតិភូបុគ្គលិក កម្មករនិយោជិត ព្រមទាំងតំណាងកម្មករនិយោជិត និងនិយោជក។ វគ្គបណ្តុះបណ្តាលមានប្រធានបទចំនួនបីដែលប្រធានបទនីមួយៗតម្រូវឲ្យមានវត្តមាន ៨ ម៉ោង។ ប្រធានបទទាំងអស់នេះនឹងត្រូវយកមកបង្រៀនរយៈពេល៣ខែ ដើម្បីផ្តល់ពេលវេលាដល់សិក្ខាកាមអនុវត្តប្រើចំណេះដឹងទទួលបានពីការរៀនសូត្រ។
ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការចូលរួម ដែលចេញដោយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។ សិក្ខាកាមត្រូវមានវត្តមានសម្រាប់ប្រធានបទទាំងបី ទើបអាចទទួលបានវិញ្ញាបនបត្រនេះ។
គ្រូបណ្តុះបណ្តាល
គ្រូបណ្តុះបណ្តាលគឺជាអាជ្ញាកណ្តាល និងមន្រ្តីជាន់ខ្ពស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលមានជំនាញទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះធ្វើជាភាសាខ្មែរ។
លទ្ធផលទទួលបានពីវគ្គបណ្តុះបណ្តាល
- យល់ដឹងអំពីអត្ថប្រយោជន៍របស់ទំនាក់ទំនងការងាររឹងមាំ
- យល់ដឹងអំពីការទទួលខុសត្រូវក្នុងការកសាង និង រក្សាទំនាក់ទំនងការងារ ព្រមទាំងការកំណត់ឧបសគ្គ និងបច្ចេកទេសរក្សាទំនាក់ទំនង
- យល់ដឹងអំពីយន្តការដោះស្រាយវិវាទ ផ្ទៃក្នុង និងក្រៅ៖ លក្ខណៈនៃយន្តការមានប្រសិទ្ធភាព និងយន្តការនានានៃការដោះស្រាយវិវាទថ្នាក់ជាតិ
- យល់ដឹងអំពីសមាសភាពនៃប្រព័ន្ធដោះស្រាយសារទុក្ខដែលមានប្រសិទ្ធភាព
- យល់ដឹងអំពីរបៀបនិងអត្ថប្រយោជន៍នៃការប្រាស្រ័យទាក់ទងសម្រាប់ការចរចា
- អភិវឌ្ឍជំនាញ និងយុទ្ធសាស្រ្តសម្រាប់ការចរចាប្រកបដោយប្រសិទ្ធភាព
- អភិវឌ្ឍជំនាញស្តាប់ និយាយ និងរៀបចំការចរចាប្រកបដោយប្រសិទ្ធភាព
ប្រធានបទសម្រាប់កម្មវិធីបណ្តុះបណ្តាល
១. ការកសាងទំនាក់ទំនងការងារ
- អ្នកណាខ្លះជាតួអង្គសំខាន់ក្នុងទំនាក់ទំនងការងារ?
- តើបុគ្គលម្នាក់អាចរក្សា និងអភិវឌ្ឍទំនាក់ទំនង ការងារបានយ៉ាងដូចម្តេច?
- តើនិយោជក និងកម្មករនិយោជិតមានការទទួលខុសត្រូវអ្វីខ្លះ?
២. យន្តការនៃកិច្ចសហការនៅកន្លែងការងារ
- តើយន្តការសហការនៅកន្លែងការងារមានអ្វីខ្លះ?
- តើយន្តការដែលមានប្រសិទ្ធភាពមានអ្វីខ្លះ?
- តើយន្តការដោះស្រាយវិវាទខាងក្រៅ (ថ្នាក់ជាតិ)មានអ្វីខ្លះ?
៣. ការប្រាស្រ័យទាក់ទងសម្រាប់ការចរចា
- តើរបៀបខុសៗគ្នានៃការប្រាស្រ័យទាក់ទងមានអ្វីខ្លះ?
- តើគុណវិបត្តិនិងគុណសម្បត្តិរបស់របៀបនីមួយៗមានអ្វីខ្លះ?
- តើលោកអ្នកអាចរៀបចំខ្លួនសម្រាប់ការចរចានៅកន្លែងការងារយ៉ាងដូចម្តេច?
- តើលោកអ្នកអាចក្លាយជាវាគ្មិន និងជាអ្នកស្តាប់ដ៏មានប្រសិទ្ធភាពយ៉ាងដូចម្តេច?