និស្សិតច្បាប់សាកលវិទ្យាល័យអាស៊ីអឺរ៉ុបទទួលបានវគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ

Share with :

នៅព្រឹកថ្ងៃទី២៤ ខែមីនាឆ្នាំ ឆ្នាំ២០២២ មូល​និធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ សហ​ការ​​ជា​​មួយ​​សាកល​​វិ​ទ្យា​​ល័យ​​អាស៊ីអ៊ឺរ៉ុប រៀប​ចំ​សិក្ខា​​សាលា​​តាម​​អន​ឡាញ​​​​ស្តីពី “នីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ” ដែលមានអ្នក​ចូលរួមចំនួន៣៩នាក់ ជានិស្សិតផ្នែកនីតិសាស្ត្រមកពីមហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយ នៃសាកលវិទ្យាល័យ។ សិក្ខាសាលានេះ មានគោលបំណង លើកកម្ពស់ចំណេះដឹងបន្ថែមដល់និស្សិតច្បាប់អំពី នីតិវិធីនិងដំណើរការដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងទំនាក់ទំនងជាមួយតុលាការ ដែលជាចំណេះដឹងមួយដ៏មានសារៈសំខាន់​សម្រាប់​​អ្នក​សិក្សា​និងប្រកបវិជ្ជាជីវៈច្បាប់។

 

ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក ម៉ែន និម្មិត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាស្ថាប័នជាតិតែមួយគត់​ដែល​​បាន​ដើរតួនាទីយ៉ាង​​សំខាន់ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍​របស់កម្មករនិយោជិត និងនិយោជក ការធានាស្ថេរភាព និងផលិតភាពនៅក្នុងវិស័យការងារទាំងមូលនៅកម្ពុជាក្នុងរយៈពេលជិត២០ ឆ្នាំចុងក្រោយនេះ។ លោកបានបន្ថែមទៀតថា យន្តការដោះស្រាយវិវាទនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល បានផ្តល់ជាវេទិកា ដល់ភាគីវិវាទក្នុងការ​ដោះស្រាយ​ទំនាស់​ដោយសន្តិវិធី ការជឿជាក់ និងឆាប់រហ័ស។ រីឯលោក ណុប សុភ័ក្រ ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយនៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប បានសំដែង​នូវ​កិច្ច​ស្វាគមន៍ចំពោះកិច្ចសហការ និងបានថ្លែងអំណរគុណដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល​ក្នុងការផ្តល់វគ្គបណ្តុះបណ្តាលដល់និស្សិតច្បាប់នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប អំពីតួនាទីរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះ​ស្រាយ​វិវាទការងារនៅកម្ពុជា។

 

សិក្ខាសាលារយៈពេលពេញមួយព្រឹកនេះ ត្រូវបានចូលរួមធ្វើបទឧទ្ទេសដោយលោកស្រី សេង វួចហ៊ុន សមាជិកអាជ្ញាកណ្តាលនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា ១) ដំណើរការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ២) ប្រភេទនៃវិវាទការងារ ៣) នីតិវិធីដោះស្រាយវិវាទការងារ ៤) ដំណើរការ និងលក្ខណៈសម្បត្តិរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និង ៥) ទំនាក់ទំនងរវាងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ។

 

វគ្គសិក្ខាសាលាទទួលបានការចូលរួមយ៉ាងផុសផុល ហើយអ្នកចូលរួមបានសួរសំណួរសំខាន់ៗជាច្រើនទៅកាន់គ្រូឧទ្ទេសពាក់ព័ន្ធទៅនឹង​ការធ្វើសេចក្តីសម្រេច និងចេញសេចក្តីបង្គាប់របស់ក្រុមអាជ្ញាកណ្ដាល លក្ខណៈសម្បត្តិ និងអាណត្តិការងាររបស់អាជ្ញាកណ្ដាល។

 

មូលនិធិ​ក្រុមប្រឹក្សាអាជ្ញាកណ្តាល  មានក្តីសោមនស្សរីករាយ ចំពោះកិច្ចសហការជាមួយសាកលវិទ្យាល័យក្នុងការរៀបចំសិក្ខាសាលានេះឡើងប្រកបដោយជោគជ័យ ហើយសង្ឃឹមថាការរៀបចំវគ្គសិក្ខាសាលាលើកក្រោយនឹងអាចប្រព្រឹត្តទៅដោយផ្ទាល់ក្រោយពីការរីករាលដាលជំងឺកូវីដ១៩ បានធូរស្រាល។